ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថា អភិបាលខេត្តថ្មី និងពលរដ្ឋខេត្ត ព្រះសី ហនុ នឹងរួមគ្នាជាកម្លាំង «ទាក់ម៉ូយវិនិយោគនិងទេសចរណ៍»
ព្រះសីហនុ៖ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិបាលថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋ ខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ម៉ូយទាំងក្នុងវិស័យវិនិយោគ និងទេសចរណ៍ ស្របតាមគោលការណ៍ដឹកនាំដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងសក្ដានុពលជាក់ស្ដែងរបស់ខេត្តព្រះសីហនុ ។
នេះគឺជាការបង្ហាញក្ដីសង្ឃឹមរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ម៉ាង ស៊ីណេត ជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីចំណាត់ការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល មានក្រសួងមហាផ្ទៃ ជាសេនាធិការ ដែលបាន និងកំពុងយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលមានការប្រឈមនៅខេត្តភាគនិរតីមួយនេះ ដូចជាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសពាក់ព័ន្ធគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសអាជីវកម្មផ្លូវភេទ ជួញដូរកម្លាំងពលកម្ម និងបទល្មើសចរាចរណ៍ ពិសេសការរឹតបន្តឹងច្បាប់នៅពេលយប់ និងផ្ដោតលើមុខសញ្ញាមិនពាក់មួកសុវត្ថិភាព ព្រមទាំងយកចិត្តទុកដាក់បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់ និងធានាឱ្យបាននូវសោភណ្ឌភាព និងអនាម័យតំបន់ឆ្នេរប្រកបដោយភាពទាក់ទាញ។
សូមបញ្ជាក់ថា ឯកឧត្តម ម៉ាង ស៊ីណេត អតីតអភិបាលរងខេត្តព្រះសីហនុ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួស ឯកឧត្តម គួច ចំរើន ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ៕
ដោយ / គ្រី សម្បត្តិ