សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍លើកទឹកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀននៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល ត្រូវបន្តជាអទិភាពក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមានក្របខណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ព្រមទាំងយកចិត្តទុកដាក់ទៅលើការបំពេញបន្ថែមតម្រូវការគ្រូប្រកបដោយគុណភាព កៀរគរ និងផ្តល់ធនធានបន្ថែមទៀត សម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងការអភិវឌ្ឍន៍ទម្រង់សាលា ។
សម្តេចធិបតី បានផ្តល់អនុសាសន៍ ឱ្យមានការបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀននៅកម្ពុជា ។ អនុសាសន៍សំខាន់ៗមួយចំនួនសម្រាប់អនុវត្តបន្ត រួមមាន៖
ទី១-បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវបង្កើនគុណវុឡិគ្រូបង្រៀនចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀន កែលម្អការបណ្តុះបណ្តាលគ្រូ ដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» «ស្តង់ដាសាលាគរុកោសល្យគំរូ» និងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ។

ទី២-យកចិត្តទុកដាក់ដល់ការអនុវត្តវិធីសាស្ត្របង្រៀន វិធីសាស្ត្ររៀន និងវិធីសាស្ត្រវាយតម្លៃថ្មី ដែលអាចអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិត ប្រកបដោយការត្រិះរិះពិចារណា ការដោះស្រាយ បញ្ហាដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ និងអនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំថ្ងៃ។
ទី៣-លើកកម្ពស់គុណវុឦ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន ដោយបញ្ចូលការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការបង្រៀន និងរៀនកែលម្អមាតិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
៤- លើកទឹកចិត្តដល់ប្អូនៗគរុនិស្សិតជ័យលាភី ត្រូវបន្តអភិវឌ្ឍន៍ចំណេះដឹង និងវិជ្ជាជីវៈប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ ការសិក្សាបន្ថែម ការអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យា និងបំនិនឌីជីថល ការអភិវឌ្ឍន៍ជំនាញជាមួយអ្នកពាក់ព័ន្ធ ការទទួលយកការប្រឹក្សាយោបល់ និងស្វែងយល់ពីបទពិសោធន៍ពីថ្នាក់ដឹកនាំ និងសហការនៅកន្លែងការងារ និងការចេះសម្របខ្លួនទៅនឹងបរិការណ៍អប់រំ ដែលកំពុងមានការវិវត្តខ្លាំង។
ទី៥- សម្ដេចធិបតី សុំលើកទឹកចិត្តដល់ប្អូនៗគរុនិស្សិត ដែលកំពុងសិក្សាសូមខិតខំប្រឹងប្រែងសិក្សា និងស្វែងយល់បន្ថែមនូវជំនាញ ព្រមទាំងបច្ចេកទេស គរុកោសល្យថ្មីៗ ដើម្បីក្លាយខ្លួនជាអ្នកអប់រំ ដ៏មានគុណភាពខ្ពស់សម្រាប់កម្ពុជា ស្របតាមបរិបទនៃការរីកចម្រើនរបស់សង្គម។ ខ្ញុំសង្ឃឹមថា ក្មួយៗគរុនិស្សិតជ័យលាភីនឹងក្លាយជាធនធានដ៏មានតម្លៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់ ដើម្បីកសាងសង្គមកម្ពុជា និងឈរលើចំណេះដឹង ជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសតាមរយៈការកសាងពលរដ្ឋឌីជីថល សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមាពីបដិវត្តកម្ម ឌីជីថល ៕










អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ