ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតី ពិធីបុណ្យ រុក្ខទិវាជាតិ ៩កក្កដា នៅខេត្តតាកែវ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបុណ្យ រុក្ខទិវាជាតិ ៩កក្កដា នៅតំបន់ស្ដារព្រៃឈើបន្ទាយអង្គរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈខេត្តតាកែវ ធ្លាប់ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍រុក្ខទិវាថ្នាក់ ជាតិ ចំនួន ៣លើកមកហើយ គឺនៅឆ្នាំ១៩៩៣ , ២០០៨ និងឆ្នាំ២០១៤ ។

ពិធីរុក្ខទិវា ៩កក្កដា គឺជាមរតកដ៏ថ្លៃថ្លា របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គ នៅមានព្រះជន្ម ព្រះអង្គតែងតែបានយកព្រះទ័យទុកដាក់ ចំពោះការដាំដុះព្រៃឈើដ៏មានផលប្រយោជន៍ សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ពិធី “រុក្ខទិវា” ចាប់តាំងពីឆ្នាំ១៩៥២មក ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានប្រារព្ធពិធីរុក្ខទិវានេះឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២មក ដើម្បីបន្តស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្រារព្ធពិធីរុក្ខទិវានេះ ក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។

ពិធីរុក្ខទិវា លើកទី២៩ ដែលប្រព្រឹត្តទៅនាពេលនេះ ស្ថិតនៅទីតាំងស្ថានីយផ្សព្ធផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលស្ថិតនៅជាប់ជាមួយនឹងចម្ការឈើរុក្ខទិវាដែលព្រះករុណាថ្លៃវិសេសជីវិតតម្កល់លើត្បូង ធ្លាប់បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតកាលពីឆ្នាំ២០០៨។ ស្ថានីយបន្ទាយអង្គរ ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៨៧ ដោយគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តតាកែវ និងប្រគល់មកឱ្យនាយកដ្ឋានរុក្ខាប្រមាញ់ (បច្ចុប្បន្នរដ្ឋបាលព្រៃឈើ) ដើម្បីគ្រប់គ្រង និងបង្កើតស្ថានីយដាំឈើលើផ្ទៃដីទំហំ ១ ១០០ហិកតា។

ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០១១ ផ្ទៃដីទំហំ ៩៨៤ហិកតា ត្រូវបានប្រើប្រាស់ ដើម្បីដាំដុះឈើប្រភេទប្រេងខ្យល់ និងអាកាស្យា ដោយប្រើថវិការដ្ឋ។ នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាល បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្ម និងដាំដុះដើមឈើឡើងវិញលើទីតាំងនេះ ហើយគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនបានដាំឈើប្រេងខ្យល់ជាចម្ការថ្មីលើផ្ទៃដីទំហំ ៨៤១ហិកតា។ ដោយឡែក ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ដីទំហំ ៧៨ហិកតានៃដីស្ថានីយនេះ សម្រាប់សាងសង់ប្រាសាទកតញ្ញូ សាលាទទួលពុទ្ធបរិស័ទ ប្រាសាទព្រះគោ-ព្រះកែវ សាលាសំណាក់ធម៌ និងសំណង់សិល្បការ្យផ្សេងទៀតដែលស្ថិតនៅជាប់នឹងទីតាំងប្រារព្ធពិធីនេះ ដើម្បីជាប្រយោជន៍សាធារណៈ។

សម្រាប់ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣០០០ដើម នឹងត្រូវដាំនៅលើ ទីតាំងនេះ ដែលមានទំហំ ៣ហិកតា។ ដោយឡែក ក្នុងឆ្នាំ២០២៤នេះដែរ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបបានបញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦ ៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

គិតត្រឹមឆ្នាំនេះ ពិធីរុក្ខទិវា បានបង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវា ក៏បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។

ជាងនេះទៀត រដ្ឋបាលព្រៃឈើក៏បាន បណ្តុះ និងដាំកូនឈើ បានជាង ២០,៥០លានដើមផងដែរ តាមរយៈថវិការដ្ឋ គិតត្រឹមឆ្នាំ២០២៤នេះ ជាមួយនឹងសមត្ថភាពបណ្តុះកូនឈើដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើម ក្នុងមួយឆ្នាំ ខណៈដែលកូនឈើជាច្រើនលានដើមផ្សេងទៀត ត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត។

ពាក់ព័ន្ធនឹងការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានព្រៃឈើ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងអនុវត្តយុទ្ធសាស្រ្ត និងសកម្មភាពជាច្រើន រួមមាន ៖ ១). ការជំរុញចុះបញ្ជីដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងដីរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស ដីគម្របព្រៃឈើ ដីសហគម៍ព្រៃឈើ និងដីស្ថានីយស្តារព្រៃឈើ , ២). ការដោះស្រាយតម្រូវការឈើប្រើប្រាស់ក្នុងស្រុក តាមរយៈការជំរុញឧស្សាហកម្មឈើដាំ និងការលើកទឹកចិត្តឱ្យប្រជាជនចូលរួមដាំឈើដើម្បីប្រើប្រាស់ និងកាត់បន្ថយសម្ពាធលើធនធានព្រៃឈើ , ៣). ការបង្កើនការ បណ្តុះកូនឈើដើម្បីគាំទ្រសកម្មភាពដាំឈើនៅទូទាំងប្រទេស និង៤). ការពង្រឹងការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តាមរយៈកិច្ចសហការកាន់តែជិតស្និទ្ធជាមួយគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្រ្កាបធន ធានធម្មជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ៕
អត្ថបទ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner