ជំនួបដំបូងរវាងអភិបាលខេត្តព្រះសីហនុទើបចូលកាន់តំណែង ជាមួយមន្រ្តីរាជការខេត្ត
ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណែត អភិបាលខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តជាលើកដំបូងបន្ទាប់ពីត្រូវប្រកាសតែងតាំងជាអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងជំនួបកាលពីថ្ងៃទី៨ ខែកក្កដា ឯកឧត្ដម ម៉ាង ស៊ីណេត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនិងជាខេត្តនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ឯកឧត្តមស្នើឱ្យយកចិត្តទុកដាក់លើការកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងការកែលម្អស្ថាប័ននៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ឱ្យក្លាយជារដ្ឋបាលទំនើប ស្អាតស្អំ និងមានសមត្ថភាព ស័ក្តិសមជារដ្ឋបាលបម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន។
ឯកឧត្តមបញ្ជាក់ថា ត្រូវអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈរូបណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភ បំពានអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋតាម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ” ៕
ដោយ៖ខៀវ សាវុន