ថៃត្រៀមបើកសេវាឡានក្រុងដឹកភ្ញៀវពីព្រលានយន្តហោះទៅកាន់គោលដៅទេសចរណ៍ល្បីៗ

បាងកក៖ ប្រតិបត្តិករឡានក្រុងដែលគ្រប់គ្រងដោយរដ្ឋ Transport Co នឹងដាក់ដំណើរការសេវាឡានក្រុងដឹកភ្ញៀវទេសចរ នៅឯព្រលានយន្តហោះធំៗចំនួនបី ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ថៃ (AoT) ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរទៅកាន់គោលដៅក្នុងខេត្តផ្សេងៗទៀតនៅក្នុងប្រទេសថៃ។

ក្រុមហ៊ុន Transport Co បាននិយាយថា ខ្លួនមានផែនការធ្វើប្រតិបត្តិការសេវាឡានក្រុងអន្តរខេត្ត ពីព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ, ដនមឿង និងភូកេត ក៏ដូចជាបង្កើតការិយាល័យលក់សំបុត្រនៅឯអាកាសយានដ្ឋានតែម្តង។ សេវាកម្មនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៤។

ឡានក្រុងរបស់ Transport Co នឹងបម្រើសេវាដឹកភ្ញៀវទៅកាន់ទីក្រុងសំខាន់ៗ មានដូចជាទីតាំងទេសចរណ៍ និងបណ្តាខេត្តមួយចំនួន រួមទាំងប៉ាតាយ៉ា ចាន់ថាបុរី ត្រាត នគររាជសីម៉ា និងស្រុកហួហ៊ីនជាដើម។

ក្រុមហ៊ុន Transport Co បានបន្ថែមថា សេវាកម្មឡានក្រុងនេះ នឹងជួយជំរុញការមកដល់របស់ភ្ញៀវទេសចរ ដែលក្នុងនោះនឹងជួយបង្កើនសកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាខេត្តនានា ស្របតាមគោលដៅរបស់រដ្ឋាភិបាល ក្នុងការធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពរស់រវើកឡើងវិញ។

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ថៃ (AoT) ក៏ស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនចាប់ផ្តើមជាមួយនឹងសេវាឡានក្រុង ពីអាកាសយានដ្ឋានភូកេត ទៅកាន់ Khao Lak ដែលជាតំបន់ឆ្នេរសមុទ្រដ៏ពេញនិយមរបស់ប្រទេសថៃផងដែរ។

គួរបញ្ជាក់ថា ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសជាង ១៧,៥លាននាក់ នៅក្នុងឆមាសទី១នៃឆ្នាំ២០២៤នេះ កើនឡើង ៣៥ភាគរយ ជាមួយនឹងប្រាក់ចំណូល ២២ពាន់លានដុល្លារ។ ប្រទេសថៃក៏បានដាក់គោលដៅត្រឹមចុងឆ្នាំនេះ ទាក់ទាញភ្ញៀវបរទេសឱ្យបាន ៣៦,៧លាននាក់ ជាមួយនឹងប្រាក់ចំណូល ៩៥ពាន់លានដុល្លារ នេះបើយោងតាមសារព័ត៌មាន thepattayanews៕ ប្រភព៖ បាងកកប៉ុស្តិ៍ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner