កាបូបឌីជីថលថៃគ្រោងឲ្យលុយប្រជាជន៥០លាននាក់
បាងកក៖ ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងមានកំណើនយឺត គម្រោង កាបូបឌីជីថល (Digital Wallet)របស់រដ្ឋាភិបាលថៃ គ្រោងនឹងចំណាយថវិកា ១៣.៨ពាន់លានដុល្លារអាមេរិក ផ្តល់ជូនប្រជាជនរបស់ខ្លួន ចំនួន៥០លាននាក់ ដោយអាជីវករ ឬ បុគ្គល អាចចុះឈ្មោះ ចាប់ពីខែសីហា។
បើតាមផែនការមហិច្ឆិតាមួយនេះ ពលរដ្ឋម្នាក់អាចបានប្រហែល ៣៧៥ដុល្លារអាមេរិក ដើម្បីចំណាយនៅក្នុងអាជីវកម្ម ក្នុងស្រុក។ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា បានបង្ហោះ នៅលើវេទិកាសង្គម X ថា ការចុះឈ្មោះនឹងចាប់ផ្តើម នៅថ្ងៃទី១ ខែសីហា។
រដ្ឋាភិបាលជឿថា កាបូបឌីជីថល នឹងជំរុញ GDP ពី ១.២ ទៅ ១.៦ ភាគរយ។ យ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចបានរិះគន់កម្មវិធីនេះ ដោយចាត់ទុកថា ជាមធ្យោបាយគ្មានប្រសិទ្ធភាព មិនអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះ វាបានប្រឈមមុខនឹងឧបសគ្គជាច្រើន ដោយមានទាំងការពន្យារពេលការអនុវត្ត។ ដំបូងឡើយ រដ្ឋាភិបាលបាននិយាយថា ធនាគាររដ្ឋសម្រាប់កសិកម្ម និងសហករណ៍កសិកម្មនឹងគ្របដណ្តប់លើថវិកា មួយចំនួន។ ប៉ុន្តែ បន្ទាប់ពីមានការព្រមានពីអ្នកជំនាញហិរញ្ញវត្ថុ ក៏ប្រកាសថា មូលនិធិរបស់គម្រោង នឹងមានប្រភព ចេញពីថវិកាសារពើពន្ធ ឆ្នាំ២០២៤ និង ២០២៥ វិញ។ យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្ម អះអាងថា នីតិវិធីលម្អិតនឹងត្រូវប្រកាសឲ្យដឹង នៅសប្តាហ៍ក្រោយ។
ផ្អែកតាម BBC បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសថៃ ធ្លាក់ចុះសេដ្ឋកិច្ច។ ក្នុងខែកក្កដានេះ អ្នកតាមដានសេដ្ឋកិច្ចរបស់ធនាគារពិភពលោក បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប ឬ GDP មានត្រឹម ២.៤% នៅឆ្នាំ២០២៤៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត