លោកជំទាវបណ្ឌិត ជា សិរី នាំទៀនវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃចំនួន ៦៦វត្ត ក្នុងស្រុកសន្ទុក
(កំពង់ធំ)៖ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យដែលជាសុទ្ធាជ្រះថ្លារបស់ ឯកឧត្តម ជា ចាន់តូ និងលោក ជំទាវ ខៀវ ស៊ីណាទៅប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន ៦៦ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា÷ពិធីចូលព្រះវស្សានេះត្រូវបានប្រជាជនកម្ពុជាគោរពប្រតិបត្តិធ្វើជារៀងរាល់ឆ្នាំតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ហើយសម្រាប់ឆ្នាំ២០២៤នេះ ពិធីចូលព្រះវស្សាគឺប្រព្រឹត្តិទៅត្រូវថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ ។
នៅក្នុងឱកាសអញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យទៅប្រគេនដល់វត្តចំនួន
៦៦ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំនោះ លោកជំទាវបណ្ឌិត ជា សិរី បានជម្រាបពីការផ្ដាំផ្ញើរសាកសួសុខទុក្ខពីសំណាក់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិង លោកជំទាវ ខៀវ ស៊ីណាប្រគេនដល់ព្រះសង្ឃគ្រប់ៗព្រះអង្គ ក៏ដូចលោកយាយលោកតា ចាស់ព្រឹទ្ធាចារ្យ តាមអារាមទាំងអស់ទូទាំងស្រុក ដោយក្ដីគោរព និងនឹករលឹកបំផុត។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា មិនថាបុណ្យទានជាប្រពៃណីជាតិ និងការងារមនុស្សធ៌ម រួមទាំងការកសាងរាល់សមិទ្ធផលនានា ក្នុងស្រុកសន្ទុកកន្លងមកនេះ លោកទាំងពីរ បានខិតខំកសាងបានច្រើនសន្ធឹកសន្ធាប់ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ។
លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ដែរថា÷ តាមរយៈបុណ្យកុសលដែលកើតចេញនាពេលនេះ លោកជំទាវបណ្ឌិតក៏បានឧទ្ទិសជូនដល់ជីដូន ជីតាមាតា បិតា និងញ្ញាត្តិតិការទាំង៧សណ្ដានបានចែកឋាននោះមួយចំណែកហើយមួយចំណែកទៀត គឺឧទ្ទិសជូនចំពោះដល់ឌួងវិញ្ញាណ នៃវិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុ ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិតក្នុងបរបប្រល័យពូជសាសន៏ ប៉ុល ពត នោះផងដែរ ។
ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យសរុបប្រមាណជាង ១០០លានរៀល ត្រូវបានវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស សម្រាប់វត្តទាំង៦៦ក្នុងស្រុកសន្ទុកនាពេលនោះ ក្នុងវត្តនីមួយៗរួមមាន៖ទៀនព្រះវស្សា ១គូរ អង្ករ គ្រឿងឧបភោគបរិភោគ និង បច្ច័យមួយចំនួន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត