កូនត្នោតចំនួន ១ម៉ឺនដើម ត្រូវបានដាំរួចរាល់នៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីចូល​រួម​បង្កើនគម្របបៃតង រក្សាអត្តសញ្ញាណ និង វប្បធម៌ជាតិរបស់ខ្មែរ

ភ្នំពេញ៖ កូនត្នោតចំនួន ១ម៉ឺនដើមត្រូវបានដាំរួចរាល់ នូវអ្វីដែលត្រូវបានក្រសួងបរិស្ថានចាត់ទុកថាជាការបំផុសស្មារតីរបស់ពលរដ្ឋឱ្យចូលរួមដាំកូនត្នោត ក្នុងការជំរុញបង្កើនគម្របបៃតង ផលប្រយោជន៍សេដ្ឋកិច្ច និងការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា ។

ការដាំកូនត្នោតជាលក្ខណៈទ្រទ្រង់ធំ នេះបានធ្វើឡើងពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដោយក្នុងនេះគេឃើញមានការចូលរួមផងដែរពីសំណាក់អាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ ដាំកូនត្នោតចំនួន ១០ ០០០ ដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា ត្នោតគឺជាគម្របព្រៃឈើមួយដូចដើមឈើដដៃទៀតដែរ។ ការដាំកូនត្នោតនៅពេលនេះ ចំនួន ១ម៉ឺនដើម ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង » ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។ ត្នោតគឺជារុក្ខរបស់ជាតិ ហើយព្រឹត្តិការណ៍ដាំកូនត្នោត ពិតជាមានសារៈសំខាន់ និងបង្ហាញពីការស្រឡាញដើមឈើ ពិសេសដើមត្នោតដែលជាអត្ថសញ្ញាណជាតិខ្មែរមួយប្រភេទ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យនាំគ្នាដាំដើមត្នោត និងដើមឈើនានា ឱ្យបានច្រើន គោលបំណងទុកជាប្រយោជន៍ ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ប្រាប់ AMS ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់កូនត្នោតចំនួន ៣០ម៉ឺនដើម ដល់យុទ្ធនាការពន្លកបៃតង ដោយបានចែកជូនកូនឈើសរុប ១លាន ៣សែនដើម រួចមកហើយ ដល់ប្រជាពលរដ្ឋទៅដាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈនិងដាំស្តារព្រៃនៅតាមសហគមន៍។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការដាំកូនត្នោត នៅក្នុងតំបន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំនៅពេលនេះ ជាការចូលរួមចំណែកធ្វើឱ្យសហគមន៍មានភាពបៃតង ហើយត្នោតគឺជារុក្ខជាតិតំណាងជាតិខ្មែរ ដែលមានគុណប្រយោជន៍ជាច្រើនដូចជា ផ្លែធ្វើនំ បង្អែម ស្លឹកធ្វើជាមួក ដំបូលផ្ទះ ដើមធ្វើទូក គ្រឿងសង្ហារិម និងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំខេត្តលោកសូមលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន សិស្សានុស្ស ត្រូវចូលរួមដាំ និងថែរក្សាទាំងអស់គ្នា។

គួរបញ្ជាក់ថា កម្ពុជា បានដាក់ចេញនូវគោលនយោបាយបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ហើយសម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រា ដែលផ្តោតលើសរសរស្តមចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner