ទូតចិននៅកម្ពុជា ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២២ កក្កដា ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ ឯកឧត្តមប្ដេជ្ញា បន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។

សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, វិស័យកសិកម្ម, និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner