សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ ២ចំណុច ជាមួយការប្តេជ្ញាបន្តសហការជាមួយអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម អាទល់ ការ៉េ (Atul KHARE) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានស្វាគមន៍ ឯកឧត្តម Atul KHARE និងសហការីក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេច រីករាយណាស់ដោយបានដឹងថា ឯកឧត្តម បានទៅទស្សនាខេត្តសៀមរាប និងព្រះវិហារ និង បានឃើញដោយផ្ទាល់នូវការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេស ការបោសសម្អាតមីននៅកម្ពុជា ដោយឯកឧត្តមបានធ្វើដំណើរតាមផ្លូវដោយគ្មានការភ័យខ្លាច។

សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាដៃគូដ៏ល្អមួយរបស់ អ.ស.ប. ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាមរ៉ាំរ៉ៃ មកប្រទេសដែលមានសុខសន្តិភាពចាប់តាំងពីឆ្នាំ១៩៩៨មក និង មានលទ្ធភាពបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោក ក្រោមឆ័ត្ររបស់អ.ស.ប.។

ឯកឧត្តម Atul KHARE បានរំលឹកថា ឯកឧត្តម បានជួបសម្តេចតេជោ លើកដំបូងនៅឆ្នាំ១៩៩២ ក្នុងតួនាទីតំណាងឱ្យប្រទេសឥណ្ឌា ចូលរួមស្វែងរកសន្តិភាពជូនកម្ពុជា។ ប្រទេសកម្ពុជា បានឆ្លងកាត់ចម្ងាយផ្លូវពោរពេញដោយសង្រ្គាមយូរណាស់ទម្រាំមានសន្តិភាពដូចសព្វថ្ងៃ ។

ឯកឧត្តម ក៏សូមអបអរសាទរ និងសូមកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ជាមេដឹកនាំដែលនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជា និងជាមេដឹកនាំ ដែលផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំរក្សាសន្តិភាពរបស់កម្ពុជាទៅកាន់តំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក នាពេលកន្លងមក។

ឯកឧត្តម បានកោតសរសើរពីការប្តេជ្ញារបស់ប្រទេសកម្ពុជា ក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក ជាពិសេស ការធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីភាពជាដៃគូត្រីភាគី របស់អ.ស.ប.” (អ.ស.ប. Triangular Partnership Program, TPP) ក្រោមកិច្ចសហប្រតិបត្តិការ អ.ស.ប., សាធារណរដ្ឋកូរ៉េ និងកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ និង ជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥។

សកម្មភាពដ៏អស្ចារ្យនេះបង្ហាញឱ្យឃើញថា កម្ពុជាស្ថិតនៅលើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. មកជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាលកងទ័ពរក្សាសន្តិភាពផង ដែលមានទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែកពេទ្យ គិលានុបដ្ឋាយិកា និងកងទ័ពបោសសម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព ។ ឯកឧត្តម បានលើកឡើងថាកងទ័ពមួកខៀវកម្ពុជា ដែលបំពេញបេសកកម្មនៅបរទេស ទាំងប្រុស ទាំងស្រី សុទ្ធសឹងតែជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តម ក៏បានសម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក និងចូលរួមរំលែកមរណទុក្ខជាមួយ សម្តេចតេជោ ចំពោះការបាត់បង់អាយុជីវិតនាយទាហនមួកខៀវកម្ពុជាចំនួន ១១នាក់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប.នេះ ។ ឯកឧត្តម បានបញ្ជាក់ជាក់បន្ថែមថា បើទោះបីជា អ.ស.ប. បានផ្តល់ប្រាក់ធានារ៉ាប់រងអាយុជីវិត ជូនយុទ្ធជនដែលបានបូជាជីវិតនោះពិតមែន ប៉ុន្តែ អ.ស.ប. យល់ច្បាស់ថាមិនអាចធ្វើឱ្យពួកគេមានជីវិតឡើងវិញបាននោះទេ។

ឯកឧត្តម បានជម្រាបជូន សម្តចតេជោថា ក្រៅពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ឯកឧត្តមក៏នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្សេងទៀត ដូចជាសកម្មភាពមនុស្សធម៌ វប្បធម៌ និងការអភិវឌ្ឍ ដែល អ.ស.ប. បានសហការជាមួយប្រទេសកម្ពុជា ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងថា ប្រទេសកម្ពុជា ដែលប្រែក្លាយពីអាណាចក្រដ៏ធំនៅអាស៊ី មកជាប្រទេសតូចដូចសព្វថ្ងៃ គឺដោយសារតែសង្រ្គាម ចម្បាំងរាំងជល់ ការបែកបាក់ទឹកដី អស់រយៈពេលជាង ៥០០ឆ្នាំ ។ សម្ដេចតេជោ បានរំលឹកថា ក្រោយពេលដែលអ៊ុនតាក់ដកចេញពីកម្ពុជា កម្ពុជានៅមានសង្គ្រាមនៅឡើយ។ សម្ដេចបានយកជីវិតទៅប្ដូរ ដោយចូលទៅកាន់តំបន់ខ្មែរក្រហម អនុវត្តនយោបាយឈ្នះ-ឈ្នះ រហូតទទួលបាននូវភាពជោគជ័យ នៅចុងឆ្នាំ១៩៩៨។ យើងមានសុខសន្តិភាព មកដល់ពេលបច្ចុប្បន្ននេះ ដែលជាសុខសន្តិភាព មានរយៈពេលយូរជាងពេលណាៗទាំងអស់។ សម្តេច បានបន្តថាប្រសិនបើគ្មានការអនុវត្តនយោបាយឈ្នះឈ្នះនោះទេ កម្ពុជា ក៏មិនអាចបញ្ជូនកងទ័ពរក្សាសន្តិភាព សហការជាមួយ អ.ស.ប. ទៅជួយប្រទេសណានោះឡើយ ។

សម្តេចតេជោ មានប្រសាសន៍បន្តថា ក្រោយសម័យប៉ុលពត ប្រជាជនកម្ពុជា មានត្រឹម ៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃប្រទេសកម្ពុជា មានប្រជាជនរហូតដល់ចំនួន ១៧ លាននាក់ និងមានចំនួនប្រជាជនវ័យក្មេងច្រើន ដែលជាសក្តានុពលក្នុងការអភិវឌ្ឍប្រទេស។

ជាមួយនឹងការប្តេជ្ញាបន្តសហការជាមួយនឹង អ.ស.ប. សម្តេចតេជោ បានផ្តល់អនុសាសន៍ ទៅ ឯកឧត្តម Atul Khare គឺ៖ ទី១.

គប្បីយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការពិនិត្យជ្រើសរើសនាយទាហានជាមេបញ្ជាការ និងសេនាធិការ ដែលចាំបាច់ត្រូវតែជានាយទាហាននដែលមានជំនាញ និងសមត្ថភាពជាយុទ្ធសាស្រ្ត ក្នុងការដាក់ពង្រាយកម្លាំងទ័ពដែលជួយគាំទ្រឱ្យមានប្រសិទ្ធភាពខ្ពស់ និង ទី២. សូមបង្កើនការយកចិត្តទុកដាក់ចំពោះ កងកម្លាំងរក្សាសន្តិភាព នៅប្រទេសលីបង់ ទោះបីជាស្ថានភាពសង្រ្គាមក្នុងប្រទេសលីបង់ មានភាពស្ងប់ស្ងាត់ក៏ដោយ ដើម្បីមានវិធានការណ៍ជួយអន្តរាគមន៍ និងឆ្លើយតបទាន់ពេលវេលា។

សម្តេចតេជោ បានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ដែលកម្ពុជា ត្រូវបានជ្រើសរើសជាដៃគូ និងជាម្ចាស់ផ្ទះសម្រាប់កម្មវិធីភាពជាដៃគូត្រីភាគីរក្សាសន្តិភាពរបស់ អ.ស.ប. ដោយសហការជាមួយសាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុន ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner