ឯកឧត្តម ប្រាក់ សុខុន ៖ កម្ពុជា ប្តេជ្ញារួមវិភាគទានដល់បេសកកម្មរក្សាសន្តិភាព និងស្ថេរភាពពិភពលោក

ភ្នំពេញ៖ ទស្សនកិច្ចជាលើកទី១ របស់ ឯកឧត្តម អគ្គលេខាធិការរង អ.ស.ប នៅកម្ពុជា គឺជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរួមចំណែកដល់សន្តិភាព និងស្ថេរភាពពិភពលោក ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា ខណៈបានអនុញ្ញាតឱ្យ ឯកឧត្តម Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (អ.ស.ប) ទទួល បន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមវិភាគទានដល់បេសកកម្មរក្សាសន្តិភាព ទោះបីជួបការប្រឈម និងការបាត់បង់ជីវិតមួយចំនួនរបស់កងទ័ពមួកខៀវយើង ក្នុងបេសកកម្មនោះយ៉ាងណា ក៏ដោយ ។

ឯកឧត្តម Atul Khare បានកោតសរសើរកងកម្លាំងមួកខៀវរបស់កម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងមានការទទួលខុសត្រូវខ្ពស់ ក្រោម ការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម ប្រាក់ សុខុន កន្លងមក។ ឯកឧត្តម ក៏បានស្ញប់ស្ញែងចំពោះកម្ពុជា ដែលឈរលើលេខរៀងទី២៧ ក្នុងចំណោមប្រទេសទាំង ១២១ ដែលបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប ក្នុងនោះមានកងកម្លាំងនារី រហូតដល់ទៅ ២០% ។

ឯកឧត្តម Atul Khare បានវាយតម្លៃខ្ពស់ពី សារៈសំខាន់មិនអាចកាត់ថ្លៃនៃនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជា សម្រេចបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ នេះ។ កម្ពុជា ជាប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប. នៅឆ្នាំ១៩៩១ បានក្លាយទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងមួកខៀវ ដែលនេះសរបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់កម្ពុជាដើម្បីចូលរួមចំណែកក្នុងការការពារសុខសន្តិភាព និងស្ថេរភាពសកល ។

ឯកឧត្តម អគ្គលេខាធិការរង អ.ស.ប ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីភាពជាដៃគូត្រីភាគី (Triangular Partnership Program – TPP) និងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner