ប្រមុខការទូតអ៊ុយក្រែនទៅចិន ស្វែងរកការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី

គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន សប្តាហ៍នេះ គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងគោលបំណងបញ្ចុះបញ្ចូលទីក្រុងប៉េកាំង ឱ្យកាត់បន្ថយការគាំទ្ររបស់ខ្លួនដល់រុស្ស៊ី ហើយងាកមកជួយគាំទ្រអ៊ុយក្រែន ក្នុងការជំរុញស្វែងរកសន្តិភាពប្រកបដោយនិរន្តរភាព។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ ខូលេបា នឹងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីធ្វើកិច្ចពិភាក្សាអំពីរបៀបដែលមន្ត្រីនៅទីនោះ អាចជួយបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី។ វត្តមានរបស់លោក ខូលេបា នៅប្រទេសចិន គឺជាការបំពេញទស្សនកិច្ចលើកដំបូងរបស់គាត់ ចាប់តាំងពីផ្ទុះសង្រ្គាមអ៊ុយក្រែន-រុស្ស៊ីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

រដ្ឋាភិបាលទីក្រុងគៀវបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ខូលេបា នឹងផ្តោតលើមធ្យោបាយ ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី ក៏ដូចជាតួនាទីដែលអាចធ្វើទៅបានរបស់ប្រទេសចិន ក្នុងការសម្រេចឱ្យបាននូវសន្តិភាពប្រកបដោយចីរភាព និងយុត្តិធម៌។ កន្លងមក ទីក្រុងប៉េកាំងក៏បានស្វែងរកតួនាទីជាអ្នកសម្រុះសម្រួលក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីផងដែរ ដោយបានបញ្ជូនបេសកជនរបស់ខ្លួន គឺលោក Li Hui ទៅកាន់ទ្វីបអឺរ៉ុប ធ្វើជាអ្នកជួយសម្របសម្រួលជាច្រើនលើក។

គួរបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកខ្លួនឯងជាភាគីអព្យាក្រឹតក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ហើយបាននិយាយថា ខ្លួនមិនបានបញ្ជូនជំនួយសព្វាវុធទៅកាន់ភាគីជម្លោះណាមួយទេ មិនដូចអ្វីដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតបានចោទប្រកាន់ឡើយ។ ទីក្រុងប៉េកាំងក៏បានច្រានចោលការអះអាងដែលថា ខ្លួនកំពុងគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីផងដែរ ដោយទទូចកាលពីសប្តាហ៍មុនថា ជំហររបស់ខ្លួន គឺ “បើកចំហ” ហើយបានចោទប្រកាន់បកទៅលោកខាងលិចវិញថា ជាអ្នកដុតបញ្ឆេះជម្លោះនេះ តាមរយៈការដឹកជញ្ជូនអាវុធទៅកាន់អ៊ុយក្រែន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner