ធនាគារជាតិបើកប្រជុំពិភាក្សាលើការសម្របសម្រួលការចរាចរណ៍ក្រដាសប្រាក់ដុល្លារចាស់នៅខេត្តសៀមរាប

សៀមរាប៖នាខេត្តសៀមរាប ធនាគារជាតិនៃកម្ពុជានៅថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៤​ដោយមានវត្តមានចូលរួមពី​ឯកឧត្តម អ៊ូ ចាន់តារា អគ្គបេឡាធនាគារជាតិនៃកម្ពុជា លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងបានបើកកិច្ចប្រជុំពិភាក្សា​ជាមួយបណ្តាគ្រឹះស្ថាន​ធនាគារនិងហិរញ្ញវត្ថុ ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជីវករ តំណាងសេវាកម្ម​ទេសចរណ៍​ក្នុងខេត្តប្រមាណ១០០នាក់។

កិច្ចប្រជុំនេះដើម្បីសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ និងដាក់ចេញនូវវិធានការជា​យន្តការបន្ទាន់សម្រាប់​អនុវត្ត​​នៅក្នុង​ខេត្តសៀមរាប។ឯកឧត្តម អ៊ូ ចាន់តារា អគ្គបេឡាធនាគារជាតិនៃកម្ពុជា បានប្រាប់កិច្ចប្រជុំថា​ថ្មីៗនេះធនាគារជាតិនៃកម្ពុជា​បានដាក់​ចេញនូវយន្តការចំនួន​បួនចំណុចដើម្បីសម្រួលដល់ការចាយវាយក្រដាសប្រាក់ដុល្លារដែលមានសភាពចាស់ ទក់ ឬរហែក​នៅក្នុង​ខេត្តសៀមរាប។

ធនាគារជាតិបានតម្រូវឱ្យធនាគារពាណិជ្ជនៅទូទាំងខេត្តសៀមរាបមិនត្រូវគិតថ្លៃកម្រៃសេវាបន្ថែមលើក្រដាសប្រាក់ដុល្លារដែលរហែក ទក់ ឬចាស់នោះទេ។ ឯកឧត្តមអគ្គបេឡាបន្ថែមថាការសម្រេចរបស់ធនាគារជាតិនេះ ធ្វើឡើង បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រី​កម្ពុជា សង្កេតឃើញពីការលំបាកក្នុងការលក់ដូររបស់​ប្រជា​ពលរដ្ឋនៅក្នុងខេត្ត ពិសេសបានធ្វើឱ្យប៉ះពាល់ដល់​ភ្ញៀវ​ទេសចរបរទេស។

លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងបានលើកឡើងថា ចាប់​ពីពេលនេះទៅ ធនាគារជាតិនៃកម្ពុជា ស្នើឱ្យសាខាគ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវ​ត្ថុក្នុងខេត្តសៀមរាបទាំងអស់ទទួល​យក​ប្រាក់ដុល្លារអាមេរិកចាស់ ខូចគុណភាព ដោយមិនគិត​កម្រៃសេវាពីអតិថិជន។ ចំពោះក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពពុកផុយ កណ្តៀរកាត់ ភ្លើងឆេះ ប្រឡាក់ទឹកថ្នាំ ធនាគារជាតិនៃកម្ពុជា​កំពុង​ពិភាក្សាជាមួយដៃគូក្រៅប្រទេសក្នុងការនាំយក​ក្រដាស​ប្រាក់ដុល្លារអាមេរិកទាំងនេះទៅការធ្វើកោសល្យវិច័យ ដើម្បីបន្ថយថ្លៃបង់​សេវាឱ្យមានកម្រិតទាបជាងមុន។ លោកបានសំណូមពដល់ បងប្អូនអាជីវករ និងអ្នកបម្រើ​សេវាកម្ម​ទេសចរណ៍ទាំងអស់ក្នុងខេត្ត​សៀមរាប​ប្រើប្រាស់ កម្មវិធីបាគង អេប (Bakong App) ដើម្បីងាយស្រួល​ទូទាត់ប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៤ ធនាគារ​ជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនដើម្បី​អនុវត្តនៅក្នុង​ខេត្តសៀមរាបដែលរួមមានយន្តការបន្ទាន់និ​ងយន្តការបន្តទៀត ។ក្នុងនោះយន្តការបន្ទាន់តម្រូវឱ្យ​សាខាធនាគារពាណិជ្ជខេត្ត​សៀមរាប ទទួលយកប្រាក់ដុល្លារ​អាមេរិកចាស់ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិ​ថិជនលើកលែង​តែប្រាក់នោះក្លែង​ក្លាយករណីក្រដាសប្រាក់​នោះចាស់ខ្លំាងហើយគិតថាមិនអាចបន្តចរាចរលើទីផ្សារបានធនាគារពាណិជ្ជក្នុងខេត្តត្រូវបញ្ជូននិងប្តូរយកក្រដាសប្រាក់ថ្មីពីសាខាធនាគារជាតិខេត្តដោយពុំគិតកម្រៃសេវា។ដោយឡែកបណ្តាទូដក-ដាក់ប្រាក់(ATM)របស់គ្រឺះ​ស្ថានធនាគារ​ហិរញ្ញវត្ថុទាំងអស់ក្នុងខេត្តសៀមរាប​តម្រូវឱ្យដាក់តែប្រភេទក្រដាស២០និង៥០ដុល្លាអាមេរិកជំនួសក្រដាស១០០ ដុល្លារអាមេរិក ដើម្បីសម្រួលការចាយវាយរបស់​ភ្ញៀវទេសចរអន្តរជាតិ។សម្រាប់យន្តការបន្តគឺជំរុញការ​ប្រើប្រាស់កម្មវិធីBakong Tourist Appដើម្បីគាំទ្រដល់​វិស័យទេសចរណ៍និងសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ។សហការជាមួយក្រុមហ៊ុនលក់​ម៉ាស៊ីន​រាប់ស្រាល់​ជ្រើស ដើម្បីកំណត់លក្ខ័ណ្ឌស្តង់ដារមួយដែលមាន​សង្គតិភាព​រវាងម៉ាស៊ីនរាប់ស្រាល់ជ្រើស របស់ធនាគារជាតិនៃ​កម្ពុជា​និងធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជ​និងធនាគារពាណិជ្ជ។

សូមជម្រាបថែរថា យន្តការទាំងនេះ អនុវត្តក្នុងខេត្តសៀមរាប​តែប៉ុណ្ណោះ។ ក្នុងករណីមានចម្ងល់ឬចង់ដឹងអំពីព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមប្រព័ន្ធរយៈលេខទូរសព្ទ ហតឡាញ​(Hotline) របស់សាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាប មានលេខ ០១៦ ៥៦៨ ១៧៥៕
ដោយ៖ ប៊ុន រដ្ឋា

ads banner