កម្ពុជា-វៀតណាម ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍កិច្ច​ព្រមព្រៀង​ដែលមានស្រាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ ឯកឧត្តម ត្រឹន ថាន់មិញ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបំរើឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ។

នៅក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននិតិបញ្ញាត នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ក្នុងនោះភាគីទាំងពីរ បានផ្តល់នូវតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការនៃស្ថាប័ន ក៏ដូចជាការផ្លាស់ប្តូរការរៀបចំនូវការកសាងច្បាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងគណៈកម្មការនានា របស់រដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កា ក្រោយពីមានកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ រវាងគណបក្សនិងគណបក្ស ក៏ដូចជាស្ថាប័ននិតិបញ្ញាតនៃប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានអញ្ជើញគ្នាទៅវិញទៅមក ក្នុងនោះភាគីវៀតណាម បានគោរពអញ្ជើញសម្តេចតេជោប្រធានព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនាមជាប្រធានព្រឹទ្ធសភា ដែលជាទស្សនកិច្ចលើកដំបូងរបស់សម្តេចតេជោ ដើម្បីចារជាប្រវត្តិសាស្រ្ត នៃកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននីតិបញ្ញាត ។

ភាគីទាំងពីរ ក៏បានបញ្ជាក់សាជាថ្មីឡើងវិញអំពីតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម បន្តពីឯកឧត្តមអគ្គលេខាមជ្ឈឹមបក្ស ង្វៀន ភូចុង គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្រ្តជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ បក្សទាំងពីរ ប្រជាជនទាំងពីរ រដ្ឋទាំងពីរ ដើម្បីឆ្ពោះទៅកាន់អនាគតកាលនៃព្រំដែនប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។ ក្នុងនោះភាគីទាំងពីរ កម្ពុជា វៀតណាម បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបំរើឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា វៀតណាម ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner