កំពង់ធំ៖ទីបញ្ជាការស្រាលក្នុងតំបន់ព្រៃឡង់ ទប់ស្កាត់បានការកាប់​ទន្ទ្រានព្រៃឈើដោយខុសច្បាប់

កំពង់ធំ៖កម្លាំងចម្រុះនៅទីបញ្ជាការស្រាលដែលប្រចាំការក្នុងតំបន់​ព្រៃឡង់ បានការពារ ទប់ស្កាត់ និងគ្រប់គ្រងមិនឱ្យ​មានការ​កាប់​ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិពីរបស់ជនល្មើសបាន១០០ភាគរយ បន្ទាប់ពីមានបទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតរបស់ឧត្តម​សេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារគ្រប់គ្រង និង​បង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ធំ ។

គុណសម្បត្តិនិងស្នាដៃនេះត្រូវបានរំលេចឱ្យឃើញក្នុងឱកាសឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​កំពង់​ធំដឹកនាំកងកម្លាំងទាំងបី,មន្ត្រីជំនាញនៃស្ថាប័នបរិស្ថាន អញ្ជើញ​ត្រួតពិនិត្យលទ្ធផលសម្រេចបានរបស់កម្លាំងចម្រុះ ​និង​​សួរ​សុខទុក្ខកម្លាំងចម្រុះដែលកំពុងតែប្រតិបត្តិតួនាទីសំខាន់ ក្នុងកិច្ចការ​ពារបង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រ​តំបន់​វាលធំ ស្ថិតក្នុងតំបន់ព្រៃឡង់ ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោក ណុប ឆៃយ៉ា មន្ត្រីបរិស្ថានខេត្តកំពង់ធំបានឱ្យដឹងថា តំបន់​ដែលមានការកាប់បំផ្លាញ ឈ្មោះហៅថាតំបន់វាលធំ ក្នុងតំបន់​ព្រៃឡង់។កន្លងមកមានការកាប់បំផ្លាញលើផ្ទៃដីប្រមាណ៩ហិកតា មុនពេលកងកម្លាំងចម្រុះចុះមកការពារ។ចំណែកការកាប់​បំផ្លាញ​ជាថ្មី គឺពុំមាននោះឡើយរួមទាំងបានគ្រប់គ្រងបានទាំងស្រុងផងដែរ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។

ជាមួយនឹងការកោតសរសើរ ការលើកទឹកចិត្តបន្ថែម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រី​ពាក់ព័ន្ធត្រូវបន្តរួមគ្នាគ្រប់គ្រងឱ្យបាននូវផ្ទៃដីដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់និង​ស្រាវជ្រាវរកមុខសញ្ញា​ជនល្មើសដើម្បីកសាង​សំណុំរឿងបញ្ជូនទៅតុលាការ ។បន្តសកម្មភាពការពារធនធានធម្មជាតិ​ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner