អាជ្ញាធរជាតិ អប្សរា កំពុងជួសជុលប្រាសាទត្រពាំងផុង ផ្នែកខាងកើត ខាងត្បូង និង ខាងជើង
(ភ្នំពេញ)៖ ប្រាសាទត្រពាំងផុង គឺជាប្រាសាទទោល ដែលកសាងឡើងអំពីឥដ្ឋ ស្ថិតនៅ ក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
អាជ្ញាធរជាតិ អប្សរាបានឱ្យដឹងថា ៖ ដោយសារកត្តា អាកាសធាតុ អាយុកាល និង កត្តាមនុស្ស ធ្វើឱ្យប្រាសាទបុរាណមួយនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង ជាហេតុធ្វើឱ្យក្រុមអ្នកជំនាញ នៃ អាជ្ញាធរជាតិ អប្សរា ត្រូវរៀបចំជួសជុលក្នុងដំណាក់កាលទី២ នៅផ្នែកខាងកើត ខាងត្បូង និងខាងជើង ។
ទាក់ទិនក្នុងរឿងនេះ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃ អាជ្ញាធរជាតិ អប្សរា បានឱ្យដឹងថា ក្រុមការងារត្រូវតែជួយសង្រ្គោះប្រាសាទត្រពាំងផុងជាបន្ទាន់ ដោយចាប់ផ្ដើម ជួសជុល តាំងពីគ្រឹះរហូតដល់កំពូលប្រាសាទ។
លោក សារាយ គឹមហួល មានប្រសាសន៍ទៀតថា ការជួសជុលមាន២ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុល ផ្នែក ខាងលិច ហើយដំណាក់កាលទី២ គឺ ជួសជុល ផ្នែក ខាងកើត ខាងត្បូង និង ខាងជើង។
ប្រាសាទត្រពាំងផុង កសាងឡើងពីឥដ្ឋបូកជាមួយកំបោរបាយអពីលើ ដោយមានការតុបតែងលម្អផ្តែរ ជណ្ដើរ ស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាសាទនេះ មានតួប្រាង្គ៥ មានបណ្ណាល័យ ហើយមានកសិន្ធុទឹកព័ន្ធជុំវិញ។
បច្ចុប្បន្ន ដោយសារ ប្រាសាទ ត្រពាំងផុង មានសភាព ទ្រុឌទ្រោម ខ្លាំង ដូចជា ឥដ្ឋមួយ ចំនួនបានពុកផុយ ផ្តែរមុខនៅផ្នែកខាងកើតបានបាត់ ទើបក្រុមអភិរក្ស នៃ អាជ្ញាធរជាតិ អប្សរា ចាប់ផ្ដើមជួសជុល និងជួយសង្គ្រោះឡើងវិញដោយយកចិត្តទុកដាក់ខ្ពស់បំផុត៕
ដោយ ៖ ម៉ាដេប៉ូ