ស្វែងរកឃើញហើយ៖អាកាសយានិកទាំងពីរនាក់បានបាត់បង់ជីវិត

ភ្នំពេញ៖កម្លាំង​រុករក​បាន​ប្រទះ​ឃើញ​ស​​ព​អាកាសយានិក​ម្នាក់​ទៀត​គឺលោក ស៊ុន ផ្លា ។សពស្ថិត​នៅចម្ងាយប្រមាណជាង​២០០​ម៉ែត្រ ពី​ចំណុច​ឧទ្ធម្ភាគចក្រ​ធ្លាក់ ។ការរកឃើញនេះបន្ទាប់ពីបាន​រកឃើញ​សពលោក ខេង ឆៃយុទ្ធ កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា​ម្សិលមិញ​ ។នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេ​បញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកង​យោធពល​ខេមរភូមិន្ទ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលដឹកនាំប្រតិបត្តិការរុករកដោយ​ផ្ទាល់បានបញ្ជាក់ថា នៅម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដាកម្លាំងរុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផ្លា​ នៅចំណុចជើងភ្នំយ៉ាវយ៉ៃ មានចម្ងាយជាង២១០​ម៉ែត្រ ពីកន្លែងឧទ្ធម្ភាគចក្រធ្លាក់។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ក្រុមប្រតិបត្តិការ​អ្នករុករកបានប្រទះឃើញឧទ្ធម្ភាចក្រដែលជួបឧបទ្ទវហេតុពេល
កំពុងហ្វឹកហាត់នៅចំណុចភ្នំយ៉ាវយ៉ៃ ច នៃក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។នៅល្ងាចថ្ងៃដដែលក្រុម​រុករកបានប្រទះ​សាកសព​អាកាស​យានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ។

សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះ​ហើរម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិ​សាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា។លើឧទ្ធម្ភាគចក្រមានលោក ស៊ុន ផ្លា ជាប្រធានក្រុម និង​លោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបាន​បញ្ជាក់​នៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះថា បន្ទាប់ពី​បើក​ប្រតិបត្តិ​ការរុករកអស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដានេះ ក្រុមប្រតិ​បត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ​ដែល​បានបាត់ដំណឹង​នៅតំបន់ជួរភ្នំក្រវាញតាំងពីថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២៤នៅ​ចំណុច​ភ្នំយ៉ាវយ៉ៃ ក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner