សម្ព័ន្ធភាពគណបក្សនយោបាយ ជួបជុំគ្នាដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា
ភ្នំពេញ៖ សម្ព័ន្ធភាពគណបក្សនយោបាយ បានធ្វើការជួបជុំគ្នាដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ស្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការជួបជុំនេះ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន និងកំពុងអនុវត្តដោយរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។
ឯកឧត្តម អ៊ុន វិសទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានមានប្រសាសន៍ថា ក្នុងនាមសម្ព័ន្ធភាពគណបក្សនយោបាយតំណាងឱ្យគណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សនយោបាយដែលបានចូលរួមនេះ យល់ថាព្រែកជីកហ្វូណនតេជោគឺជាសម្បត្តិជាតិរួម ហើយក៏ជាព្រែកជីកប្រវត្តិសាស្ត្រដែលចាប់ផ្តើមបដិសន្ធិនៅលើទឹកដីកម្ពុជាក្រោមការផ្តួចផ្តើមគំនិតរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំឱ្យមានការអភិវឌ្ឍន៍បន្តទៀតក្រោមការដឹកនាំដ៏ឈ្លាសវៃដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តមបន្តថា ក្នុងនាមគណបក្សសម្ព័ន្ធភាពគណបក្សនយោបាយ គឺត្រូវតែចូលរួមគាំទ្រនៅរាល់ចំណាត់ការរបស់រដ្ឋាភិបាល ហើយមិនប្រកាន់និន្នាការអ្វីនោះទេ ពីព្រោះវាជាសម្បត្តិរួម ហេតុនេះហើយបានជាគណបក្សសម្ព័ន្ធភាពបានជួបជុំគ្នាបង្កើតជាព្រឹត្តិការណ៍ដើម្បីអបអរសាទរ ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចេញពីឆន្ទៈស្រឡាញ់ជាតិយ៉ាងពិតប្រាកដ។
ចំណែក ឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានមានប្រសាសន៍ថា គណបក្សខ្មែរអភិរក្ស គាំទ្រចំពោះការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ខាងមុខនេះ។ ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន និងកំពុងអនុវត្តដោយរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
រីឯឯកឧត្តម អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានមានប្រសាសន៍ថា ការជួបជុំគ្នារបស់គណបក្សសម្ព័ន្ធភាព គឺដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ពីព្រោះព្រែកជីកហ្វូណនតេជោ គឺមានសារៈប្រយោជន៍យ៉ាងខ្លាំង គឺទាក់ទងនិងប្រព័ន្ធនាវាចរជាពិសេសលើវិស័យពាណិជ្ជកម្ម។
ចំពោះឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានមានប្រសាសន៍ថា ក្នុងនាមគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា មានការរីករាយសប្បាយចិត្តក្នុងការចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលលើកគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ចំណែកឯកឧត្តម នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី បានមានប្រសាសន៍ថា គណបក្សពន្លឺខ្មែរ គាំទ្រជានិច្ចចំពោះរាជរដ្ឋាភិបាលក្នុងការបើកការដ្ឋានព្រែកជីកហ្វូណនតេជោនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ពីព្រោះព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងមួយដ៏ល្អសម្រាប់ប្រទេសជាតិ ដើម្បីជាផ្លូវគមនាគមន៍ដឹកជញ្ជូនសេដ្ឋកិច្ចទៅក្រៅប្រទេស។
មិនខុសពីប្រធានគណបក្សនយោបាយដទៃ លោកជំទាវ សូរាជ សិរីធិតា អគ្គលេខាធិការគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ក្នុងនាមតំណាងគណបក្សធម្មាធិបតេយ្យ គាំទ្រការបើកការដ្ឋានព្រែកជីកហ្វូណនតេជោនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ពីព្រោះគម្រោងព្រែកជីកហ្វូណនតេជោ គឺមានប្រយោជន៍ខ្លាំងដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយគម្រោងនេះ គឺជាគម្រោងមួយដ៏ធំអស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា ហើយសូមគាំទ្រ១០០ភាគរយ៕
ដោយ៖ពលជ័យ