អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកចំនួនពីរ
កំពង់ធំ៖ ស្របពេលជំនន់ទឹកភ្លៀងនៅមានសន្ទុះកើនឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និងអ្នកជំនាញបានចុះពិនិត្យមើលស្ថានភាពទឹកតាមដងស្ទឹងសែន នៃស្រុកសណ្ដាន់ និងស្រុកប្រាសាទសំបូរ។
ក្នុងដំណើរពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ ឯកឧត្តម អភិបាលខេត្ត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ និងបានស្ដាប់បញ្ហាប្រឈម ។ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នចំពោះសុខភាពនិងបង្ការហានិភ័យនានាក្នុងពេលមានទឹកជំនន់។
សូមជម្រាបថា កម្ពស់ទឹកតាមដងស្ទឹងសែននៅថ្ងៃទី៣១ ខែកក្កដានេះក្នុងស្ថានីយស្រុកសណ្ដាន់ មានកម្ពស់ ១៩.២២ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៨.៥០ម៉ែត្រ និងស្ថានីយស្ទឹងសែន មានកម្ពស់ទឹក ១៣.៧៥ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៣.៥០ម៉ែត្រ ។តាមការសន្និដ្ឋានកម្ពស់ទឹករយៈពេលបីថ្ងៃខាងមុខ នឹងនៅបន្តកើនឡើងបន្ថែមទៀត ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន៕
ដោយ ៖ ប៊ុន រដ្ឋា