សហភាពអង្គការសង្គមស៊ីវិល និងសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល គាំទ្រនិងអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ សីហាខាងមុខនេះ
ភ្នំពេញ៖ លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល និងឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពសមាគមបណ្ដុំអង្គការសង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំអង្គការសមាគមជាច្រើននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានជួបប្រជុំអំពីការចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាជំរុញឱ្យសមាជិករបស់ខ្លួនតាមបណ្ដាខេត្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ថ្នាក់ដឹកនាំអង្គការសមាគមទាំងអស់ពិតជាមានក្ដីសោមនស្សរីករាយដែលមានឱកាសចូលរួមដោយផ្ទាល់ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅខេត្តកណ្ដាល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះ សហភាពអង្គការសង្គមស៊ីវិល និងសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដែលបានផ្ដួចផ្ដើមគំនិតដ៏អស្ចារ្យធ្វើយ៉ាងណាកសាងព្រែកជីកឱ្យចេញជារូបរាង ដើម្បីជាប្រយោជន៍សេដ្ឋកិច្ចកម្ពុជាអភិវឌ្ឍឱ្យមានការរីកចម្រើន។
សហភាពអង្គការសង្គមស៊ីវិល និងសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលអំពាវនាវប្រជាពលរដ្ឋកុំជឿព័ត៌មានប្រឌិតរបស់អាស៊ីសេរី និងក្រុមប្រឆាំងជ្រុលនិយម ដែលបង្កើតព័ត៌មានក្លែងក្លាយជុំវិញរឿងព្រែកជីកដើម្បីប្រយោជន៍នយោបាយផ្ទាល់ខ្លួន៕
ដោយ៖ពលជ័យ