ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម សាយ សំអាល់ ឯកភាព​ជំរុញ​ការរៀបចំផែនការ រៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាសហ​ប្រធាន​គណៈ​កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឯកភាព​ជំរុញ​ការរៀបចំផែនការរៀបចំដែនដី និងប្លង់​គោលប្រើ​ប្រាស់កម្ពុជា ដើម្បីធានា​បាននូវការកំណត់តំបន់អភិវឌ្ឍន៍ទីក្រុង តំបន់​ទីប្រជុំជន និងតំបន់ជនបទ​ប្រកបដោយផាសុកភាព ទីធ្លាបៃតង និង​ចីរភាពជូនប្រជាជន។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្ម នៅរសៀល ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ សហប្រធានគណៈ​កម្មាធិការ​រៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានវាយតម្លៃខ្ពស​ចំពោះការរៀបចំ​ផែនការរៀបចំដែនដីនិងប្លង់គោលប្រើប្រាស់ដីដែលបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីចំនួន ៣១ កន្លងទៅ ព្រមទាំងបាន និងកំពុងធ្វើបច្ចុប្បន្នភាព រៀបចំស្នើសុំការសម្រេច​ពី​រាជរដ្ឋាភិបាលបន្ថែម ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តបន្ទាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ បានចាត់​ទុក​ការ​រៀបចំដែនដី និងប្លង់គោលនេះ​ ពិតជារួមចំណែកក្នុងការពារការទន្ទ្រាន​ដីកម្ម​សិទ្ធិ​សាធារណៈ និងឯកជនរបស់រដ្ឋ ទប់ស្កាត់ទំនាស់ដីធ្លី ពិសេស​គឺរួមចំណែកដ៏សំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ កសិកម្ម និង​ទីផ្សារ​អចលវត្ថុ ដែលប្រភពចំណូលដ៏សំខាន់នៃខឿនសេដ្ឋកិច្ចជាតិ​ដើម្បី​សម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យម​កម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ បា​នណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទាំងពីរ ឱ្យបន្តសហការ​គាំ​ទ្រ ចូលរួមសហការបណ្តុះបណ្តាល ប្រមូលធាតុចូល និងបង្កើនសមត្ថភាព​ជំ​នាញសម្រាប់ការងារ​រៀបចំផែនការ អនុវត្តផែនការ និងតាមដានត្រួតពិនិត្យ​ការ​​អនុវត្តផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រោមជាតិ​ផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner