ក្រសួងវប្បធម៌ចេញសេចក្តីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦ នៅ ប្រទេសឥណ្ឌា
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នាទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា។
ប្រភពខាងលើនេះបានបញ្ជាក់ថាក្នុង កិច្ចប្រជុំនេះមានការ ចូលរួមបើកជាផ្លូវការពីសំណាក់ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ។
ក្នុងពិធីការចូលរួមក្នុងពិធីនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឥស្សរជនមួយចំនួន នៃស្ថាប័នទទួលបន្ទុកថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងក្របខណ្ឌសន្ធិសញ្ញាឆ្នាំ១៩៧២។
ជាមួយគ្នានេះលោកជំទាវប្រធានគណៈប្រតិភូក៏បានលើកឡើងពីការងាររបស់កម្ពុជាក្នុងកាតព្វកិច្ចជារដ្ឋភាគីក្នុងការថែរក្សា ការពារសម្បត្តិបេតិកភណ្ឌពិភពលោកនានាដែលកម្ពុជាបានចុះបញ្ជីកន្លងមក។
សម្រាប់លទ្ធផលដែលទទួលបានមានដូចជា៖
១. គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានពិនិត្យលើរបាយការណ៍ នៃសម្បត្តិបេតិកភណ្ឌ ពិភពលោកដែលស្ថិតក្នុងបញ្ជីគ្រោះថ្នាក់ចំនួន៥៦ បានរងការប៉ះពាល់លើតម្លៃលេចធ្លោជាសកលដោយសារ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងការស្នើសុំកែសម្រួលតំបន់ការពារ។ ជាមួយគ្នានោះដែរ គណៈកម្មាធិការ ក៏បានពិនិត្យលើរបាយការណ៍ដែលផ្តល់ដោយរដ្ឋភាគីសរុបចំនួន៦៧ ក្នុងនោះរបាយការណ៍ចំនួន១៣ ត្រូវ បានលើកមកពិភាក្សា និងចំនួន៥៤ផ្សេងទៀតត្រូវអនុម័តដោយមិនលើកមកពិភាក្សា។
២. គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានទទួលយករបាយការណ៍ដែលរៀបចំដោយ អាជ្ញាធរជាតិអប្សរាដែលរួមមាន ការអភិរក្សនិងអភិវឌ្ឍយូរអង្វែង ក៏ដូចជាការរៀបចំនគរូបនីយកម្មនៅ រមណីយដ្ឋានអង្គរនិងរុនតាឯក។
៣. គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានផ្តល់អនុសាសន៍ដល់កម្ពុជា ក្នុងនាមជា រដ្ឋភាគី អញ្ជើញអ្នកជំនាញពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ស្ថាប័ន ICOMOS និង ICCROM ដើម្បី សិក្សារួមគ្នាអំពីស្ថានភាពទូទៅនៃកិច្ចការអភិរក្ស និងអភិវឌ្ឍនៅក្នុងបរិបទថ្មីដែលជាការរួមបញ្ចូលនៃកិច្ចការពារ បេតិកភណ្ឌរូបី និងអរូបីនៃប្រជាពលរដ្ឋមូលដ្ឋានក្នុងរមណីយដ្ឋានអង្គរ ក៏ដូចជាការរៀបចំនគរូបនីយកម្មថ្មី នៅទីក្រុងរុនតាឯកតេជោសែន។
៤. គណៈប្រតិភូក៏បានដកស្រង់និងទទួលយកនូវបទពិសោធន៍ ព្រមទាំងយន្តការថ្មីៗ ផ្សេងទៀតក្នុងការងារថែរក្សា ការពារសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលបច្ចុប្បន្នដែលពាក់ព័ន្ធនឹងបម្រែ បម្រួលអាកាសធាតុ ការរួមចំណែករបស់សហគមន៍ កិច្ចការពារបេតិកភណ្ឌពិភពលោកក្នុងករណីមានជម្លោះប្រដាប់អាវុធ និងការគ្រប់គ្រងទេសចរណ៍ប្រកបដោយចីរភាព៕
ដោយ៖ម៉ាដេប៉ូ




