សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មានសមត្ថភាព និងភាពម្ចាស់ការគ្រប់គ្រាន់​ក្នុងការជីកព្រែកជីកហ្វូណនតេជោ

(កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន គូសបញ្ជាក់ថា កម្ពុជា មានសមត្ថភាព និងភាពម្ចាស់ការគ្រប់គ្រាន់ក្នុងការស្ថាបនាព្រែកជីកហ្វូណនតេជោ ហើយនេះ ក៏ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលគម្រោងជាប្រវត្តិ សាស្ត្រមួយនេះ មានប្រជាពលរដ្ឋនៅទូទាំងប្រទេសគាំទ្រ ហើយយើងដាច់ខាតត្រូវតែធ្វើឱ្យបាន និងធ្វើឱ្យល្អបំផុតសម្រាប់ជាតិរបស់យើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានជាផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នៅព្រែកតាកែវ ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំពោះការបើកការដ្ឋានព្រែកជីកហ្វូណនតេជោនាពេលនេះ គឺយើងកំពុងបង្ហាញពី ការប្តេជ្ញា ចិត្តក្នុងនាមជាប្រជាជាតិតែមួយ ជាចលនាជាតិតែមួយ ដែលប្រកបដោយស្មារតីឯកភាពជាតិ និងជាតិនិយម ដើម្បីរួមគ្នាកសាងភាពល្បីល្បាញ និងមោទនភាពជាតិ ដែលគំនិតផ្តួចផ្តើម និងចក្ខុវិស័យនៃការសម្រេចចិត្តសាងសង់ព្រែកជីកហ្វូណនតេជោនេះ បានបង្ហាញ ពីការ ដឹកនាំប្រកបដោយទស្សនវិស័យ និងការហ៊ានធ្វើ ហ៊ានទទួលខុសត្រូវរបស់រាជ រដ្ឋាភិ បាលនៅក្នុងបុព្វហេតុជាតិ ទាំងនាពេលបច្ចុប្បន្ន និងអនាគត។

សម្ដេចធិបតីបានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណនតេជោនាពេលនេះក៏ជាសក្ខីភាពយ៉ាងច្បាស់ មិនអាចបំភ្លៃបាន ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាពពេញលេញ ក្នុង ការកំណត់ជោគវាសនារបស់ខ្លួន។

សម្ដេចធិបតី បានលើកឡើងថា ព្រែកជីក ហ្វូណនតេជោដែលបានបើកការដ្ឋានស្ថាបនានាពេលនេះ គឺជាការតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ មានទទឹងមាត់លើ ១០០ម៉ែត្រ ទទឹង បាតក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ដោយគ្រោងប្រើប្រាស់រយៈពេល ០៤ឆ្នាំ នៅក្នុងការស្ថាបនាគម្រោងដ៏ធំមួយនេះ។

សម្ដេចនាយករដ្ឋមន្រ្ដី បានបន្ថែមថា ជាមួយគ្នានេះ ក្រោយការស្ថាបនារួចព្រែកជីកហ្វូណន តេជោនឹងផ្តល់អត្ថប្រយោជន៍ ជា ច្រើនក្នុងវិស័យដឹកជញ្ជូន ដែលរួមមាន កាត់បន្ថយរយៈពេលវេលា កាត់បន្ថយចម្ងាយផ្លូវ និងជាពិសេសគឺកាត់បន្ថយតម្លៃនៃ ការដឹកជញ្ជូន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍ ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះ សីហនុ កំពង់ផែ ស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយ កម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យជាដើម៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner