សហជីពទូទាំងប្រទេសអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
សហជីពទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំនៅតាមទីស្នាក់ការរៀងៗខ្លួនដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដែលជាព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា។ ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងនៅស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ទន្ទឹមនឹងនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា សហជីព និងកម្មករនិយោជិត បានជួបជុំធ្វើសកម្មភាពយ៉ាងក្លៀវក្លាប្រកបដោយមោទនភាពក្នុងការគាំទ្រការសាងសង់ព្រែកជីកហ្វូណនតេជោ នៅតាមបណ្តារោងចក្រសហគ្រាសនៅទូទាំងប្រទេស។ លោកថា ព្រែកជីកនេះបានធ្វើឱ្យកម្ពុជាមានឯករាជភាពលើវិស័យ ដឹកជញ្ជូនតាមផ្លូវទឹក បង្កើតបានកំពុងផែរណប ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី ប៉ូលទេសចរណ៍ និងបង្កើនការងារ។
លោកថ្លែងថា«ព្រែកជីកហ្វូណនតេជោនេះ គឺបានជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង ហើយជាពិសេសគឺធ្វើឱ្យវិស័យការងារកាន់តែមានភាពរីកចម្រើនជាលំដាប់ ដោយសារតែកាត់បន្ថយពេលវេលាដឹកជញ្ជូន បន្ថយការកកស្ទះតាមបណ្តាផ្លូវថ្នល់ ហើយជួយកាត់បន្ថយការចំណាយថ្លៃដើមនៃការដឹកជញ្ជូនផងដែរ»។
ចំណែកឯលោក ហង្ស រ៉ាវី ប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា កម្មករនិយោជិត និងសហជីពមូលដ្ឋាន បានចូលរួមគាំទ្រយ៉ាងផុលផុសចំពោះពិធីបើការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ជាតិ។ កម្មករនិយោជិត បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការជួបជុំគ្នានៅតាមបណ្តារោងចក្រសហគ្រាស ដើម្បីស្វាគមន៍ព្រែកជីកជាប្រវត្តិសាស្ត្រដែលមានអត្ថប្រយោជន៍ សេដ្ឋកិច្ចជាតិទាំងមូលតកូនតចៅទៅជំនាញក្រោយទៀត។ លោកថ្លែងថា«ក្នុងនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យមានព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ដែលបងប្អូនកម្មករនិយោជិត និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានការអបអរសាទរយ៉ាងក្លៀវក្លានៅតាមរោងចក្រសហគ្រាសនានា ជាពិសេស នៅតាមស្ថាប័ននានាទូទាំងព្រះរាជាណាចក្រកម្ពុជា»៕
ដោយ៖ពលជ័យ