សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បើកសិក្ខាសាលាចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
សៀមរាប៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដែលមានការគាំទ្រ ដោយសហគ្រិនខ្មែរបានប្រារព្ធសិក្ខាសាលាចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «អាទិភាពក្នុងការវិនិយោគក្នុងខេត្តសៀមរាប» ដល់សមាជិកសមាជិកាសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្ម ពាណិជ្ជករ និង អាជីវករនៅក្នុងខេត្តសៀមរាប នៅសណ្ឋាគារអង្គរសេនជូរីខេត្តសៀមរាប នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ។
សិក្ខាសាលាត្រូវបានអញ្ជើញជាវាគ្មិនពីឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ។
ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបញ្ជាក់ថា សិក្ខាសាលាចែករំលែកដើម្បីអាជីវកម្មរីកចម្រើននាពេលនេះ ក្នុងគោលបំណងឱ្យបានជួបជុំផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកព្រមទាំងធ្វើការចែករំលែកបទពិសោធន៍ល្អៗដើម្បីទទួលបានគំនិត ថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ។
ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បន្តថា វិបត្តិកូវីដ-១៩ ជារបត់បញ្ហាពិភពលោកទី១ ដែលបង្កឱ្យក្រុមហ៊ុនអាជីវកម្មជាតិ និងអន្តរជាតិជាច្រើនផ្អាកដំណើរការ និងបិទទ្វារទាំងស្រុងនៅទូទាំងសកលលោក។ បន្ទាប់ពីកូវីដ ,បញ្ហាអ៊ុយក្រែនជាមួយរុស្ស៊ី ក៏បានជះឥទ្ធិពល ជាខ្លាំងមិនថាតែតំបន់អឺរ៉ុប និងតំបន់ផ្សេងៗ ដូចជា អាស៊ីជាដើម សុទ្ធតែទទួលរងឥទ្ធិពលទាំងអស់ ដោយធ្វើឱ្យមានវិបត្តិដល់វិស័យទេសចរណ៍។
ក្នុងនាមជាអ្នកមានបទពិសោធន៍ក្នុងអាជីវកម្ម ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងថា ពាណិជ្ជករទាំងអស់ត្រូវតែចេះបត់បែន និងតាមឱ្យទាន់ពីស្ថានភាពសេដ្ឋកិច្ចសកល ដែលកំពុងតែមានការផ្លាស់ប្តូរ ។តាមឱ្យទាន់ដើម្បីអភិវឌ្ឍ និងឆ្លើយតបតាមបញ្ហាប្រឈមជាក់ស្តែង ។ ដើម្បីឱ្យអាជីវកម្មជោគជ័យ ដាច់ខាតម្ចាស់អាជីវកម្ម ឬសហគ្រិនភាពត្រូវចេះដឹងស្គាល់ ពីការវិភាគស្ថានភាពហិរញ្ញវត្ថុ កាលណាសហគ្រិនដែលវិភាគស្ថានភាពហិរញ្ញវត្ថុ មិនបានច្បាស់លាស់ ងាយជួបរឿងបរាជ័យ ក្នុងអាជីវកម្ម។
ឯកឧត្តមបណ្ឌិតបន្ថែមថា ប្រទេសជាតិនីមួយៗ មិនអាចបន្តពឹងផ្អែកទៅលើចំណែកនៃការផ្គត់ផ្គង់របស់ប្រទេសដទៃទាំងស្រុងទៀតនោះទេ ។ពោលគឺពាណិជ្ជករទាំងអស់ ត្រូវតែរួមគ្នាជាប្រព័ន្ធ ។ចាប់ផ្តើមបង្កើនការផលិតផ្គត់ផ្គង់ដោយខ្លួនឯងនៅក្នុងប្រទេស ដើម្បីឆ្លើយតបនូវកង្វះខាតនៃផ្នែកនីមួយៗ។
ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវឱ្យសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មខេត្ត ជួយណែនាំនិងកៀរគរដល់ អាជីវករ ពាណិជ្ជករមកចូលរួមជាសមាជិកសភាពាណិជ្ជកម្មខេត្តបន្ថែមទៀតដើម្បីជួយជំរុញដល់សេដ្ឋកិច្ចខេត្តសៀមរាប ៕
ដោយ៖ ប៊ុន រដ្ឋា