ប្រមុខការទូតកម្ពុជា៖ ចាប់តាំងពីកម្ពុជាចូលជាសមាជិកអាស៊ាន គឺបានរួមចំណែកក្នុងការដាក់ចេញនូវការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពីធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបលើកទី៥៧ នៃការបង្កើតអាស៊ានក្នុងឆ្នាំ១៩៦៧ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីសំណាក់ប្រធាន និងតំណាងរបស់ស្ថានបេសកកម្មបរទេស ប្រចាំរាជធានីភ្នំពេញ។ ពិធីនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការលើកកម្ពស់ការយល់ដឹងពីដំណើរការនៃការកសាងសហគមន៍អាស៊ាន និងរំលេចនូវសមិទ្ធផលការងារជាច្រើនដែលសម្រេចបានដោយអាស៊ាន នាឆ្នាំកន្លងមក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានមានប្រសាសន៍ថា ទោះបីការដឹកនាំ និងគោលការណ៍ នៃប្រទេសរបស់បណ្ដាសមាជិកអាស៊ានមិនដូចគ្នា ប៉ុន្តែគោលការណ៍របស់អាស៊ានទាំងអស់គ្នា គឺត្រូវជួយគ្នាទៅវិញទៅមក។ ចាប់តាំងពីកម្ពុជា បានចូលជាសមាជិកអាស៊ាន ឆ្នាំ១៩៩៩ កម្ពុជាបានរួមចំណែកក្នុងការដាក់ចេញនូវការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានបំពេញតួនាទីក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាងពីរទសវត្សរ៍កន្លងមកនេះរាប់តាំងពីឆ្នាំ២០០២ មករហូតដល់ឆ្នាំ២០២២។ លើសពីនេះកម្ពុជាក្នុងនាមជាសមាជិកអាស៊ាន មានការទទួលខុសត្រូវខ្ពស់ចំពោះការគោរព លើគោលការណ៍របស់អាស៊ានក្នុងការពង្រឹងសន្តិសុខ វិបុលភាព ស្ថិរភាព និងការអភិវឌ្ឍ។

សូមជម្រាបថា សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (Association of South East Asian Nations ─ ASEAN) ត្រូវបានបង្កើតឡើងដើម្បីធ្វើសហប្រតិបត្តិការរួមគ្នានៅក្នុងតំបន់ ដែលដំបូងឡើយគោលដៅនិងគោលបំណងក្នុងការបង្កើតអង្គការនេះ គឺដើម្បីពង្រឹងសន្តិសុខ និងរក្សាសន្តិភាព។

ប្រវត្តិអាស៊ាន៖
ដំបូងឡើយ អាស៊ានត្រូវបានចុះហត្ថលេខាបង្កើតឡើងដោយប្រទេសចំនួន៥ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៉ី សិង្ហបូរី ថៃ និងហ្វីលីពីន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នាទីក្រុងបាងកក ប្រទេសថៃ។ ប្រទេសទាំង៥នោះគេហៅថា បិតាស្ថាបនិកអាស៊ាន (Founding Father of ASEAN)។ ប្រទេសស្ថាបនិកទាំងនេះដែរ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានឯករាជ្យនិងអធិបតេយ្យថ្មីថ្មោងពីពួកអាណានិគមក្នុងសម័យនោះ។ គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឱ្យប្រទេសទាំង៥ប្រកៀកស្មាគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួមជំរុញឱ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៉ីអាគ្នេយ៍ទាំងមូល។ ចាប់ពីឆ្នាំ១៩៨៤មក ទើបបណ្ដាប្រទេសដទៃ៥ទៀតក្នុងតំបន់នេះ រួមមាន ព្រុយណេ (៧-មករា-១៩៨៤) វៀតណាម (៧-កក្កដា-១៩៩៥) ឡាវ (២៣-កក្កដា-១៩៩៧) មីយ៉ាន់ម៉ា (២៣-កក្កដា-១៩៩៧) និងកម្ពុជា (៣០-មេសា-១៩៩៩)។

គោលបំណង៖
ដូចដែលបានកំណត់នៅក្នុងសន្ធិសញ្ញាអាស៊ាន គោលបំណងរបស់អាស៊ានមានដូចជា៖ * បង្កើនល្បឿនកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់ * លើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ * ជំរុញកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភជួយគ្នាទៅវិញទៅមក ដោយមិនរំពឹងផលប្រយោជន៍តបស្នង *ផ្ដល់ជំនួយដល់គ្នាទៅវិញទៅមកក្នុងទម្រង់ជាការបណ្ដុះបណ្ដាល និងការស្រាវជ្រាវឧបករណ៍ * កិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យមានភាពល្អប្រសើរខាងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន *លើកកម្ពស់ការសិក្សានៅអាស៉ីអាគ្នេយ៍ * រក្សាមិត្តភាពដើម្បីប្រយោជន៍កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ដែលមានគោលបំណងដូចគ្នា ឬស្រដៀងគ្នា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner