សារលិខិតអបអរសាទរទិវាអាស៊ាន ថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

(ភ្នំពេញ)៖ សារលិខិតអបអរសាទរទិវាអាស៊ាន ថ្លែងដោយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃ ទី៨ សីហា ២០២៤ នៅរាជធានីភ្នំពេញ ដែលមានខ្លឹមសារដូច្នេះថា ៖

១. ថ្ងៃនេះ ជាឱកាសដ៏ឱឡារិកមួយសម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍ទាំងអស់ ខណៈពេលដែល យើងប្រារព្ធទិវារំលឹកខួបអាស៊ានលើកទី៥៧។ ក្នុងរយៈពេលជិត៦ទសវត្សរ៍កន្លងមកនេះ អាស៊ានបានធ្វើការយ៉ាងសកម្ម ដើម្បីធានាការរក្សា និងការពង្រឹងនូវមជ្ឈភាព និងឯកភាពរបស់ ខ្លួនបានយ៉ាងល្អ។

២. មជ្ឈភាពអាស៊ាន គឺជាកម្លាំងចលករក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកប ដោយខ្លឹមសារជាមួយប្រទេសដៃគូខាងក្រៅ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិ អាស៊ាន ដើម្បីសម្រេចឲ្យបាននូវតំបន់មួយដែលមានភាពរស់រវើកផ្នែកសេដ្ឋកិច្ច សង្គមប្រកប ដោយសមធម៌ និងការផ្សារភ្ជាប់ផ្នែកវប្បធម៌ជាមួយគ្នាទៅវិញទៅមក។

៣. អាស៊ានគឺជាគំរូដ៏លេចធ្លោមួយនៅលើឆាកអន្តរជាតិ នៃកិច្ចសហប្រតិបត្តិការនិងសាមគ្គីក្នុង តំបន់។ អាស៊ានរួមគ្នាតែមួយ យើងបានកសាងនូវសហគមន៍មួយដ៏រីកចម្រើន ដែលទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការលើកកម្ពស់គុណតម្លៃនិងផលប្រយោជន៍រួម ស្របពេល អាស៊ានមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរួម។ ចំណុចគន្លឹះខ្លាំង មួយរបស់អាស៊ាន គឺការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការពង្រឹងនូវសន្តិភាព ស្ថិរភាព និង វិបុលភាព ក្នុងចំណោមប្រទេសជាសមាជិកទាំងអស់។ តាមរយៈកិច្ចសន្ទនា យន្តការការទូត និង ការគោរពគ្នាទៅវិញទៅមក អាស៊ានបានពួតដៃធ្វើការរួមគ្នាដើម្បីសម្រេចបាននូវបរិយាកាសដ៏ សុខដុមរមនាមួយ ដែលអំណោយផលដល់ស្ថិរភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

៤. ឯកភាពនៅក្នុងភាពចម្រុះគ្នារបស់អាស៊ាន គឺជាកត្តាគន្លឹះមួយទៀត ដែលរួមចំណែកយ៉ាង សំខាន់ដល់ភាពធន់របស់អាស៊ាន។ យើងទាំងអស់គ្នាមានមោទនភាពដោយសារតែភាពចម្រុះដ៏សម្បូរបែបខាងផ្នែកវប្បធម៌ ប្រពៃណី ភាសា និងប្រវត្តិសាស្ត្រ ដែលកត្តាទាំងអស់នេះ គឺជា ប្រភពនៃភាពខ្លាំង និងភាពច្នៃប្រឌិតរបស់អង្គការតំបន់មួយនេះ។

៥. ជាការពិតណាស់ យើងមានភាពខុសគ្នា ហើយពេលខ្លះរហូតដល់ខ្វែងគំនិតគ្នា។ ដោយសារតែ ភាពចម្រុះរបស់យើងនេះហើយ ទើបយើងត្រូវជួបប្រឈមនឹងបញ្ហាទាំងអស់នេះ។ គុណធម៌ របស់អាស៊ាន មិនមែនដើម្បីលុបបំបាត់ទាំងស្រុងនូវភាពខ្វែងគំនិតគ្នានោះទេ គឺយើងជួយគ្នា ដើម្បីជម្នះរាល់បញ្ហាទាំងអស់នោះ។

៦. កម្ពុជាបានដើរតួនាទីជាសមាជិកដ៏លេចធ្លោមួយរបស់អាស៊ាន ចាប់តាំងពីបានក្លាយជា សមាជិកពេញសិទ្ធក្នុងឆ្នាំ១៩៩៩ ដោយបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។ យើងបានចូលរួមថែរក្សានូវគុណតម្លៃ និងគោលការណ៍នានា របស់អាស៊ាន ដែលរួមមានឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី ភាពមិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការសម្រេចចិត្តដោយផ្អែកលើគោលការណ៍កុងសង់ស៊ីស និង ដំណោះស្រាយជម្លោះប្រកបដោយសន្តិវិធី។ គោលការណ៍ទាំងអស់នេះ ជំរុញឲ្យអាស៊ាន ក្លាយជាតំបន់មួយដែលរីកចម្រើនប្រកបដោយដោយសន្តិភាព និងកាលានុវត្តភាព។ ក្នុងរយៈ ពេលពីរទសវត្សរ៍កន្លះមកនេះ កម្ពុជាបានទទួលភាពជោគជ័យក្នុងការធ្វើជាប្រធានប្តូរវេន របស់អាស៊ានចំនួន៣លើក គឺក្នុងឆ្នាំ២០០២ ២០១២ និង ២០២២។ កម្ពុជា ប្តេជ្ញាចិត្តក្នុងការ ជំរុញនូវស្មារតីនៃភាពរួបរួមគ្នា”។ យើងនឹងបន្តជំរុញ និងលើកកម្ពស់មជ្ឈភាព ឯកភាព និង សាមគ្គីភាពរបស់អាស៊ាន សំដៅដោះស្រាយនូវបញ្ហាប្រឈមរួម ក៏ដូចជាបង្កើនការចូលរួម ចំណែករបស់យើងក្នុងការអភិវឌ្ឍសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយ ចីរភាព ក្នុងតំបន់ និងសកលលោក ។

៧. កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនូវទំនាក់ទំនងជាមួយប្រទេសដៃគូខាងក្រៅ របស់អាស៊ាន។ រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការ ចូលរួមចំណែកដល់ការលើកកម្ពស់ និងពង្រីកទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូសន្ទនា និងដៃគូតាមវិស័យរបស់អាស៊ាន។ នាពេលថ្មីៗនេះ យើងទើបតែបានបញ្ចប់តួនាទីជាប្រទេស សម្របសម្រួលសម្រាប់ទំនាក់ទំនដៃគូសន្ទនាអាស៊ាន-រុស្ស៊ី រយៈពេលបីឆ្នាំ។ បច្ចុប្បន្ន យើង កំពុងដើរតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-អាមេរិក ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៧។ ជាមួយនឹងការទទួលបាននូវតួនាទីថ្មីនេះ កម្ពុជាប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នូវមជ្ឈភាពអាស៊ាន ក៏ដូចជាជំរុញការធ្វើសមាហរណកម្មក្នុងតំបន់។ យើងនឹងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបំពេញតួនាទីនេះ ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន ក្នុងការកសាងសហគមន៍ និងស្ថិរភាពក្នុងតំបន់ ។

៨. ស្របពេលដែលមានការកើនឡើងនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ តួនាទីស្នូល និងប្រកបដោយសារសំខាន់របស់អាស៊ាន ដែលជាឧទាហរណ៍សម្រាប់កិច្ចសហប្រតិបត្តិការដើម្បី ផលប្រយោជន៍ទៅវិញទៅមក និងប្រកបដោយមិត្តភាព បានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការ កើនឡើងនូវចំណាប់អារម្មណ៍ជាច្រើនរបស់ប្រទេសក្រៅតំបន់ក្នុងការចូលរួមជាភាគីនៃសន្ធិសញ្ញា ដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ។ ដើម្បីធ្វើដំណើរឆ្លង កាត់ស្ថានភាពដ៏លំបាកនេះប្រកបដោយប្រសិទ្ធិភាព យើងត្រូវតែបង្ហាញពីសមត្ថភាពច្នៃប្រឌិត និងភាពបត់បែនរបស់យើង ខណៈពេលដែលយើងត្រូវតែរក្សាឲ្យបាននូវបូរណភាព និង មជ្ឈភាពអាស៊ាន។ តាមរយៈការលើកម្ពស់នូវគុណតម្លៃស្នូល ការជំរុញកិច្ចសហប្រតិបត្តិការ តំបន់ និងការពង្រឹងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធខាងក្រៅ អាស៊ាននឹងមានលទ្ធភាពគ្រប់ គ្រាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាចាប់យកកាលានុវត្តភាពក្នុងការពង្រឹង សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រទេសសមាជិករបស់ខ្លួន និងតំបន់ទាំងមូល។

៩. សម្រាប់ទិវាអាស៊ាននេះ យើងចូលរួមអបអរសាទរទាំងអស់គ្នាចំពោះវឌ្ឍនភាពដ៏អស្ចារ្យ ដែលយើងទាំងអស់គ្នាសម្រេចបានក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមកនេះ។ ខណៈពេល ដែលយើងបង្ហូតទង់អាស៊ានឱ្យឡើងខ្ពស់ត្រដែត សូមឱ្យទង់អាស៊ាននេះជានិមិត្តរូបនៃមោទនភាព រួម និងឯកភាពរបស់យើង។ មានបញ្ហាប្រឈមជាច្រើននៅក្នុងពេលអនាគត។ ប៉ុន្តែខ្ញុំជឿជាក់ យ៉ាងមោះមុតថា ស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពធន់របស់អាស៊ាន នឹងនាំយើងឲ្យឆ្លង ផុតបញ្ហាទាំងនោះបាន។ តាមរយៈការរួបរួមគ្នា យើងនឹងអាចនាំមកនូវសន្តិភាព ស្ថិរភាព និង វិបុលភាពក្នុងតំបន់ ដើម្បីជាគុណប្រយោជន៍សម្រាប់សុខមាលភាពនៃ​ប្រជាជន​យើងទាំងអស់គ្នា ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner