ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី រៀបចំវេទិកាសាធារណៈ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ
(បន្ទាយមានជ័យ)៖ វេទិកាសាធារណៈ គឺ ដើម្បីលើកកម្ពស់និងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានម្យ៉ាងវិញទៀត ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្ដាប់កង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ។
ម្យ៉ាងទៀត ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋជ្រាប និងស្វែងរកកាគាំទ្រ ចូលរួមអនុវត្ត ដោះស្រាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ជាពិសេសក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

នេះគឺជាការលើកឡើងរបស់ លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរី ក្នុងវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ក្រោមអធិបតីភាព ឯកឧត្តម ហាវ ផា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំសឿ លោក យឹម សំណាង អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសឿ នាព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក យឹម សំណាង និង ឯកឧត្តម ហាវ ផា បានលើកឡើងពីរការ រីកចម្រើន រួមមាន វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង វិស័យផ្សេងៗជាច្រើនទៀត ពិសេសការផ្តល់ សេវាសាធារណៈជាដើម ។
គួរបញ្ជាក់ថា៖ បញ្ហាប្រឈម និងការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋសរុបចំនួន១៩ ក្នុងនោះពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវនៅមូលដ្ឋាន ,បញ្ហាទំនាស់ដីធ្លី ,បញ្ហាខ្សែភ្លើង និងភ្លើងឡើងថ្លៃ,ប្រឡាយទឹក និងបញ្ហាទាក់ទងដំណាំដាំដុះ(វិស័យកសិកម្ម)។ ត្រូវបានថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរឃុំ បានឡើងធ្វើការដោះស្រាយ និងបំភ្លឺជូន ចំណែកបញ្ហាដែលនៅសេសសល់ និងបន្តធ្វើការដោះស្រាយជូនពួកគាត់បន្តទៀត ៕







ដោយ ៖ ឃិន គន្ធា