California ទប់ស្កាត់ភ្លើងឆេះព្រៃដ៏ធំបំផុតប្រចាំឆ្នាំ

អាមេរិក៖ ក្រុមអ្នកពន្លត់អគ្គីភ័យទ្រង់ទ្រាយធំ ត្រូវបានចល័ត និងបន្តធ្វើការ ដោយការកាត់ដើមឈើ និងសកម្មភាពជាច្រើនទៀត ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃដ៏ធំបំផុតប្រចាំឆ្នាំ ទូទាំងតំបន់ Tehama នៃរដ្ឋ California សហរដ្ឋអាមេរិក។

អ្នកពន្លត់អគ្គីភ័យ ជិត៥ពាន់នាក់ ត្រូវបានចល័ត ដោយមានឧទ្ធម្ភាគចក្រ ចំនួន៣៣គ្រឿង, រថយន្តពន្លត់អគ្គីភ័យ ៤០០គ្រឿង និងយន្តហោះ ជាច្រើនគ្រឿងផ្សេងទៀត កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនេះ។

ភ្លើងឆេះ នៅខាងក្រៅទីក្រុង Chico នៅភាគខាងជើង នៃរដ្ឋមួយនេះ ចាប់តាំងពីចុងខែកក្កដា ពោលគឺនៅក្នុងតំបន់ជនបទមួយ ភាគឦសាននៃទីក្រុង San Francisco ហើយបានជំរុញឱ្យមានការជម្លៀសមនុស្ស រាប់ពាន់នាក់។

យោងតាមភ្នាក់ងារ Cal Fire បានឲ្យដឹងថា គិតមកដល់ថ្ងៃព្រហស្បតិ៍ ភ្លើងឆេះព្រៃបានបំផ្លាញផ្ទៃដីជាង ១៧ម៉ឺនហិកតា ជាហេតុនាំឱ្យវាក្លាយជាភ្លើងឆេះដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រ សម្រាប់រដ្ឋ កាលីហ្វ័រញ៉ា។

មិនមានរបាយការណ៍ អំពីមនុស្សស្លាប់ ឬ របួស នៅឡើយទេ។ ប៉ុន្តែ អ្នកស្រុក ជាង២៦០០០នាក់
បាននិងកំពុងស្ថិតក្នុងក្រុមត្រូវជម្លៀស។ អាជ្ញាធរអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្លាំង ដោយសារតែមានហានិភ័យខ្ពស់នៃការកើនឡើង អគ្គីភ័យឆាបឆេះព្រៃ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner