សារធាតុស្លឹកកា្រធំ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ត្រូវបានគេយកមកផលិតជា ភេសជ្ជៈ ដែលប្រឈមហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់វា

(ខេត្តបន្ទាយមានជ័យ)៖ សារធាតុស្លឹកកា្រធំ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពត្រូវបានគេយកមកផលិតបំលែងជាភេសជ្ជៈមួយចំនួនដែល ប្រឈមហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់វា ។ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យបានធ្វើការបង្ក្រាបទប់ស្កាត់ និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពិសេស សិស្សានុសិស្ស និងយុវវ័យមិនត្រូវផឹកឬ ប្រើប្រាស់ភេសជ្ជៈដែលចម្រាញ់ចេញពីស្លឹកកា្រធំ ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ ក្រោយពិធីផ្សព្វផ្សាយពីសុខភាពអ្នកសិក្សា នៅមន្ទីរអប់រំខេត្តកាលពីថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៤ ។

លោក ណងវុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ អ្នកនាំពាក្យសាលាខេត្ត បានបង្ហាញនូវឯកសាររូបភាពស្លឹកកា្រធំស្រដៀងស្លឹកថ្កូវ និងមួយទៀតស្រដៀងស្លឹកខ្ទុំ គ្រាន់តែស្លឹកវាធំហើយមានទងវែង។ ដើមក្រាធំកម្រមាននៅក្នុងស្រុកយើង ភាគច្រើនគេទិញស្លឹកនេះពីប្រទេសថៃ។
លោកនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមជុំវិញផលិតផលសម្រេចជាទឹកភេសជ្ជៈដែលត្រូវបានគេចម្រាញ់ពីស្លឹកកា្រធំ ឬកាធំនេះ វានាំឲ្យប៉ះពាល់សុខភាពអ្នកផឹក ក្នុងនោះមានយុវជន កម្មករហើយក្នុងពេលថ្មីៗនេះវាបាន រាលដាលទៅដល់សិស្សានុសិស្ស ។

បើតាមគ្រូពេទ្យផ្នែកគាំពារសុខមាលភាពនិងអាហាររូបត្ថម្ភដូចគ្នាលោក វីរៈសេនីយ៍ទោ ស្រី សារ៉ុមនាយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បើទោះជាស្លឹកកាធំនេះមិនមានចែងក្នុងច្បាប់គ្រឿងញៀនប៉ុន្តែសារធាតុស្លឹកកាធំវាមានជាតិញៀនមួយដូចសារធាតុញៀនមួយចំនួននិងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់វា ហើយបញ្ហាស្លឹកកាធំច្រើនផ្ទុះឡើងនៅបណ្ដាក្រុងស្រុកតាមព្រំដែនកម្ពុជាថៃយើងរួមគ្នាទប់ស្កាត់វា កុំឲ្យរាលដាលទូទាំងប្រទេសដូច្នេះបានជាប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដាក់ចេញវិធានការផ្សព្វផ្សាយកុំឲ្យមានការប្រើប្រាស់និងទប់ស្កាត់បង្ក្រាបការលួចផលិតយកសារធាតុចេញពីស្លឹកកាធំធ្វើជាភេសជ្ជៈឬផលិតផលសម្រេចផ្សេងៗទៀតដោយអនុវត្តពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញដល់កន្លែងមានសមត្ថកិច្ច និងអាជ្ញាធរក្រុងស្រុកពិសេសនៅតាមតំបន់ព្រំដែនបន្តធ្វើការទប់ស្កាត់ឲ្យខាងតែបាននូវសកម្មភាពការលួចនាំចូលក៏ដូចជាការចម្រាញ់ ធ្វើជាភេសជ្ជៈ ពីស្លឹកកា្រធំ និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាលាររៀន វត្តអារាមនិង ប្រជាពលរដ្ឋ កុំប្រើប្រាស់ និងចែកចាយផលិតផល ពីស្លឹកកាធំ ក៏ដូចជាគ្រឿងញៀនផងដែរ ។

សូមបញ្ជាក់ថា កម្លាំងនគបាលនិងអាវុធហត្ថបានចុះបង្ក្រាបទីតាំងលួចផលិត​ភេសជ្ជៈ​ចម្រាញ់ពីស្លឹកកាធំមួយកន្លែងនៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ​កាលពីពេលថ្មីៗមកនេះ ដោយរឹបអូសបាន ស្លឹកកាធុមដែលស្ងោចម្រាញ់ហើយចំនួន ៦ឆ្នាំងធំ និងសាធាតុផ្សំមានកញ្ឆា ថ្នាំក្អក ថ្នាំងងងុយដេកពោលសារធាតុផ្សំជាច្រើន​មុខ​ទៀត​រួមទាំងភេសជ្ជៈពីស្លឹកកា្រធំ ចំនួន ៣០០ដបទៀតផង ៕

ដោយ ៖ គៀន ច័ន្ទហ៊ីន

ads banner