កូរ៉េខាងជើងជម្លៀសប្រជាជនជាង ១ម៉ឺននាក់ចេញពីទឹកជំនន់
សេអ៊ូល៖ កូរ៉េខាងជើងបានជម្លៀសប្រជាជនរងគ្រោះទឹកជំនន់ជាង ១៥,០០០នាក់ទៅកាន់ទីក្រុងព្យុងយ៉ាងជាបណ្តោះអាសន្ន ស្របពេលដែលលោក គីម ជុងអ៊ុន ជំរុញឱ្យស្តារការខូចខាតឡើងវិញ ដោយពឹងផ្អែកលើខ្លួនឯង បើទោះជាមានការស្នើផ្ដល់ជំនួយពីបរទេសក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Uiju ដែលរងគ្រោះទឹកជំនន់ថា រដ្ឋាភិបាលមានផែនការបញ្ជូនប្រជាជនប្រមាណ ១៥.៤០០នាក់ចេញពីតំបន់ភាគខាងជើង ទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្នក្នុងទីក្រុងព្យុងយ៉ាង រហូតទាល់តែផ្ទះរបស់ពួកគេដែលរងការបំផ្លិចបំផ្លាញក្នុងគ្រោះទឹកជំនន់ត្រូវបានសាងសង់ឡើងវិញ។
លោក គីម បានអះអាងទៀតថា ស្ថិតក្រោមផែនការរដ្ឋាភិបាលរបស់លោក នឹងមានការផ្ដល់ជំនួយជាស្បៀង និងថ្នាំពេទ្យ ព្រមទាំងការអប់រំដល់សិស្សរាប់ពាន់នាក់ដែលត្រូវផ្លាស់ទីលំនៅ ហើយនេះជាអាទិភាពកំពូលរបស់រដ្ឋ។
បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ទឹកជំនន់នៅកូរ៉េខាងជើងមានមនុស្សស្លាប់ និងបាត់ខ្លួនដល់ទៅ ១.៥០០នាក់។ ប៉ុន្តែលោក គីម កាលពីថ្ងៃសុក្រ បានច្រានចោលសេចក្ដីរាយការណ៍នេះ ដោយចាត់ទុកថា ជាការបង្ករឿងធ្ងន់ធ្ងរ និងជាការប្រមាថមួយដល់អ្នកដែលនៅរស់។
សហគមន៍អន្តរជាតិបានបង្ហាញពីបំណងជួយកូរ៉េខាងជើង ចាប់តាំងពីព័ត៌មាននៃគ្រោះទឹកជំនន់លេចឡើងជាដំបូង រួមទាំងពីកូរ៉េខាងត្បូង ដែលបានផ្ដល់ជំនួយមនុស្សធម៌តាមរយៈកាកបាទក្រហមកូរ៉េ បើទោះបីជាទំនាក់ទំនងរវាងប្រទេសបងប្អូនកូរ៉េទាំងពីរមានភាពតានតឹងក៏ដោយ។ ប៉ុន្តែលោក គីម បានបញ្ជាក់ថា កូរ៉េខាងជើងមានសមត្ថភាពដោះស្រាយបញ្ហាដោយខ្លួនឯង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា