ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីចាយ ៦ពាន់លានដុល្លារ សង់ព្រលានយន្តហោះធំបំផុតនៅអាហ្វ្រិក
អាឌីសអាបេបា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ អេត្យូពី អ៊ែរឡាញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់ព្រលានយន្តហោះថ្មី មានតម្លៃ ៦ពាន់លានដុល្លារ។
ក្រុមហ៊ុនអាកាសចរណ៍ អេត្យូពី អ៊ែរឡាញ បានចំណាយរហូតដល់ ៦ពាន់លានដុល្លារ សាងសង់អាកាសយានដ្ឋានថ្មីមួយ ដែលត្រូវបានគេពិពណ៌នាថា ជាព្រលានយន្តហោះដ៏ធំបំផុតនៅអាហ្វ្រិក។
នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ អេត្យូពី អ៊ែរឡាញ លោក Mesfin Tasew បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ព្រលានយន្តហោះថ្មីនេះ នឹងអាចស្វាគមន៍អ្នកដំណើរបាន ១០០លាននាក់ក្នុងមួយឆ្នាំ នៅពេលបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ។
លោក Tasew បន្តថា ក្រុមហ៊ុនអាកាសចរណ៍ អេត្យូពី អ៊ែរឡាញ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Dar ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ដើម្បីអភិវឌ្ឍការរចនាព្រលានយន្តហោះនេះ ដែលនឹងមានផ្លូវយន្តហោះរត់ចំនួនបួនខ្សែ។ លោក Tasew បន្ថែមថា ព្រលាននេះដែរ នឹងត្រូវសាងសង់នៅទីក្រុង Bishoftu មានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានី អាឌីសអាបេបា ហើយលាតសន្ធឹងនៅលើផ្ទៃដី ៣៥គីឡូម៉ែត្រការ៉េ។
លោកនាយកប្រតិបត្តិបានបញ្ជាក់ទៀតថា ដំណាក់កាលទី១ រួមមានការសាងសង់កន្លែងអាកាសយានដ្ឋាន ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ ៦០លាននាក់ក្នុងមួយឆ្នាំ។ រីឯដំណាក់កាលទី២ នឹងមានសមត្ថភាពផ្ទុកអ្នកដំណើរ ១០០លាននាក់ក្នុងមួយឆ្នាំ ។ វានឹងក្លាយជាព្រលានយន្តហោះដ៏ធំបំផុតនៅទ្វីបអាហ្រ្វិកនៅពេលបញ្ចប់ការសាងសង់ជាផ្លូវការ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ អេត្យូពី អ៊ែរឡាញ គឺជាក្រុមហ៊ុនធំបំផុតនៅទ្វីបអាហ្រ្វិក ដែលកាលពីខែកក្កដា បានរាយការណ៍អំពីប្រាក់ចំណូលចំនួន ៧ពាន់លានដុល្លារសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៣-២០២៤ ដោយដឹកអ្នកដំណើរ ១៧.១លាននាក់។ ព្រលានយន្តហោះអន្តរជាតិ Bole ក្នុងទីក្រុង អាឌីសអាបេបា របស់ក្រុមហ៊ុនអាកាសចរណ៍ អេត្យូពី អ៊ែរឡាញ មានសមត្ថភាពផ្ទុកអ្នកដំណើរអតិបរមា ២៥លាននាក់ក្នុងមួយឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា