Biden ចាត់ទុក Trump ថា «គ្រោះថ្នាក់»ដល់អាមេរិក
អាមេរិក៖ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ លោកប្រធានាធិបតីអាមេរិក Jo Biden បានចាត់ទុកបេក្ខភាពប្រធានាធិបតីអាមេរិក លោក Donald Trump ថាជា «គ្រោះថ្នាក់» សម្រាប់សហរដ្ឋអាមេរិក។
នេះគឺជាបទសម្ភាសន៍តាមទូរទស្សន៍ ជាលើកដំបូង របស់លោក Jo Biden ចាប់តាំងពីលោកបានប្រកាសដកខ្លួនចេញពីសង្វៀន ប្រកួតដណ្តើមការគ្រប់គ្រងសេតវិមាន សម្រាប់អាណត្តិទី២ កាលពីខែកក្កដា។
លោក Biden បានប្រាប់ CBS News នៅក្នុងបទសម្ភាសន៍ ដែលគេបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យថា «សូម សម្គាល់ពាក្យរបស់ខ្ញុំ ប្រសិនបើគាត់ឈ្នះ … ការបោះឆ្នោតនេះ មើលថា តើមានអ្វីកើតឡើង..គាត់គឺជាគ្រោះថ្នាក់ពិតប្រាកដចំពោះសន្តិសុខរបស់អាមេរិក។ មើលចុះ យើងឈានដល់ចំណុចអវិជ្ជមាន ក្នុងប្រវត្តិសាស្ត្រពិភពលោក… ហើយលទ្ធិប្រជាធិបតេយ្យ គឺជាគន្លឹះ»។
ជាមួយគ្នានេះ លោក Biden បានប្តេជ្ញាថា នឹងធ្វើយុទ្ធនាការយ៉ាងលំបាក សម្រាប់អនុប្រធានាធិបតី Kamala Harris ដែលបានជំនួសរូបលោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា។ លោក ននិយាយថា «ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែល លោកស្រី Kamala គិតថា ខ្ញុំអាចធ្វើបាន ដើម្បីជួយភាគច្រើន»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត