ប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិកអញ្ជើញដាំកូនឈើនៅតំបន់កសិន្ធអង្គរទុកជាអនុស្សាវរីយ៍
សៀមរាប៖ ស្របពេលដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដាំកូនឈើប្រណិតប្រភេទដើមនាងនួននៅតំបន់កសិន្ធអង្គរ ទុកជាអនុស្សាវរីយ៍ ដែលជាការចូលរួមគ្នាដាំកូនឈើដើម្បីលើក កម្ពស់គម្របព្រៃឈើ បរិស្ថាន និងការអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
ការដាំដើមឈើនេះ គឺដើម្បីរួមគ្នាថែរក្សាទេសភាពវប្បធម៌ បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។ ពិសេស គឺបណ្តុះគំនិត ប្រជាពលរដ្ឋគ្រប់ជាតិសាសាន៍ ឱ្យមានការចូលរួម ស្រលាញ់ ថែរក្សា និងការដាំកូនឈើឡើងវិញឱ្យផុលផុសបំផុតដើម្បីថែរក្សាបរិយាកាស រួមទាំងការរស់នៅមានខ្យល់បរិសុទ្ធដល់មនុស្សសត្វផង។
ក្នុងរមណីយដ្ឋានអង្គរ មានដើមឈើច្រើនប្រភេទ និងច្រើនដើម ដុះស្អេកស្កះផ្ដល់ជាសម្រស់ទាក់ទាញទេសចរ និងជាផ្នែកមួយជួយដល់កិច្ចការអភិរក្សប្រាសាទ។ ក្រៅពីផ្ដល់ម្លប់ និងទស្សនីយភាពដល់ទេសចរ រួមទាំងកិច្ចការអភិរក្សប្រាសាទ ដើមឈើក៏ផ្ដល់ហានិភ័យ នៅពេលមានដើមធំ ចាស់ ងាប់ និងពុកផុយ។
ស្ថេរភាពរបស់ប្រាសាទ ត្រូវមានទំនាក់ទំនងនឹងទឹកក្រោមដី ដោយដើមឈើនឹងជួយកាត់បន្ថយភាពរំហួតនៃទឹកនៅក្រោមដី។លើសពីនេះ ដើមឈើដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើជារស្មីសំយោគ ជួយកាត់បន្ថយកម្តៅនៃប្រាសាទ ជាហេតុនាំឱ្យថ្មមិនងាយប្រេះ ឬរលំ ឬភាពសិករិករឹលនៃប្រាសាទ ព្រមទាំងជួយកាត់បន្ថយល្បឿនខ្យល់ ដែលអាចមានផលប៉ះពាល់ទៅដល់ប្រាសាទបុរាណផងដែរ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា



