ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ ឯកភាពគ្នាចុះបញ្ជីដីបុរាណដ្ឋាន ដីប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងទទួលយកសំណូមពរជាច្រើន យកមកពិនិត្យនិងដោះស្រាយ

(សៀមរាប)៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌអង្គរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា អាជ្ញាធរខេត្ត និងតំណាងប្រជាពលរដ្ឋ បានឯកភាពគ្នាចុះបញ្ជីដីបុរាណដ្ឋាន ដីប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងបានទទួលយកសំណូមពរជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់កំណត់ដោយអាជ្ញាធរអប្សរា ជាតំបន់បេតិកភណ្ឌ ដើម្បីយកមកពិនិត្យ និងដោះស្រាយជូនពូកគាត់ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ខេត្តសៀមរាបគឺជាប៉ូលនិងឃឿនសេដ្ឋកិច្ចមួយយ៉ាងសំខាន់របស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវអន្តរជាតិ ក្នុងការរកចំណូលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដូច្នេះគ្រប់ភាគីនិងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួបរួមសហការគ្នាថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ នូវអ្វីដែលជាកេរ្តិ៍មរតកដូនតាខ្មែរដែលបានបន្សល់ទុក ឲ្យកាន់តែល្បីរន្ទឺលើឆាកជាតិ-អន្តរជាតិ ។ មិនតែប៉ុណ្ណោះយើងត្រូវគិតគូរនិងយកចិត្តទុកដាក់ពីការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប ពិសេសជុំវិញតំបន់អង្គរ ឲ្យមានភាពច្នៃប្រឌិតនិងទាក់ទាញបន្ថែម និងកាន់តែល្អប្រសើរឡើង ។

នៅថ្ងៃទី២ អង្គប្រជុំមានកិច្ចពិភាក្សា ក្រោមប្រធានបទ “ការរៀបចំក្រុង ប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដី និងលក្ខខណ្ឌប្រើប្រាស់ដីក្នុងតំបន់បេតិកភណ្ឌ និងការចុះបញ្ជីដីក្នុងតំបន់សៀមរាប-អង្គរ” នៃកម្មវិធីកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” បានពិនិត្យ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារចុះបញ្ជីដីរដ្ឋ ជាអាទិ៍ទីតាំងបេតិកភណ្ឌ និងបុរាណដ្ឋាន និងដីឯកជនរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប រួមជាមួយការងាររៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងពង្រឹងភាពផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស ប្រាសាទ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងជំនឿ សំដៅលើកកម្ពស់បន្ថែមទៀតនូវសេចក្ដីថ្លៃថ្នូរ កិត្តិយស កម្រិតជីវភាពរស់នៅ និងសុខុមាលភាពប្រជាពលរដ្ឋមូលដ្ឋានក្នុងតំបន់សៀមរាប-អង្គរ និងចូលរួមចំណែកលើកតម្លៃមរតកដូនតាខ្មែរ ។

គួររំលឹកផងដែរថា តំបន់រមណីយដ្ឋានអង្គរ ត្រូវបានអង្គការយូណេស្កូ (UNESCO) ធ្វើការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមការជួយជ្រោមជ្រែងពី អាយស៊ីស៊ី-អង្គរ ICC Angkor ដែលមានប្រទេសជប៉ុន និងបារាំងជាសហប្រធាន ក្នុងនោះអាជ្ញាធរជាតិអប្សរា ជាស្ថាប័នប្រតិបត្តិ រមណីយដ្ឋានអង្គរ និងត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក ក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់ប្រទេសកម្ពុជា ។

ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់ប៉ូល ទីពីរ នៃការអភិវឌ្ឍវិស័យទេសចរណ៍របស់ជាតិ និងជាខឿនសេដ្ឋកិច្ចយ៉ាងសំខាន់ ដោយមានរមណីយដ្ឋាន អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃជាសកល ដែលមានស្នាដៃសិល្បៈវប្បធម៌ និងស្ថាបត្យ កម្មទំនើប នៃសំណង់នៅក្នុងតំបន់ ព្រមទាំងមានតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និងបែបធម្មជាតិ ផ្សេងៗទៀត ជាតំបន់ទិសដៅទេសចរណ៍ដ៏ល្បីល្បាញ សម្រាប់បម្រើវិស័យទេសចរណ៍ជូនភ្ញៀវ ទេសចរជាតិ និងអន្តជាតិជុំវិញពិភពលោក ។

សូមបញ្ជាក់ថា ៖ សិក្ខាសាលាស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលផ្តួចផ្តើមគំនិតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីផ្តល់នូវចំណេះដឹង និងទទួលបាននូវធាតុចូលនានាបន្ថែមទៀត សំដៅបង្កើនប្រសិទ្ធភាពការងារដល់អាជ្ញាធរមូលដ្ឋាន ក្នុងការការពារសម្បត្តិបេតិកភណ្ឌដូនតា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner