រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាបនាសួនសន្តិភាព និងស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ
បន្ទាយមានជ័យ៖ «សួនសន្តិភាព និងស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ» នៅប្របស្ទឹងសិរីសោភ័ណ នៃក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានប្រារព្ធពិធីបើកការដ្ឋានកាលពីព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៤ ក្រោមការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវ ជ័យ ណារី និងថ្នាក់ដឹកនាំខេត្តព្រមទាំងសប្បុរសជន ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
វិមានស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ដែលត្រូវសាងសង់នេះមានបណ្តោយ ៣០ម៉ែត្រ ,ទទឹង២៦ម៉ែត្រ ,កម្ពស់៩.៣៣ ម៉ែត្រ ផ្តួចផ្តើមកសាងនិងចំណាយថវិកាដោយឯកឧត្ដម អ៊ុំ រាត្រី និងលោកជំទាវ ជ័យ ណារី ព្រមទាំងក្រុមគ្រួសារ សប្បុរសជនជាច្រើននាក់ ។សមិទ្ធិនេះដើម្បីទុកជាការដឹងគុណ និងកត់ត្រាទុកនូវប្រវត្តិសាស្ត្រជាតិនៃដំណើរសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណើរការស្វែងរកសន្តិភាព និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភា។
ឯកឧត្ដម អ៊ុំ រាត្រី មានប្រសាសន៍ថា ការសាងសង់វិមានស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះនេះ ជាមួយនឹងកសាងសួនច្បារតេជោសន្តិភាពអមមាត់ស្ទឹងសិរីសោភ័ណ ដើម្បីរៀបចំឱ្យក្លាយទៅជាកន្លែងកម្សាន្ត កន្លែងហាត់ប្រាណ ។ពិសេសកែលម្អសោភណភាពក្រុងសិរីសោភ័ណឱ្យមានភាពបៃតងជានិច្ចកាល ៕
ដោយ៖ឃិន គន្ធា