គម្រោងសង់រោងចក្ររថយន្ត Tesla នៅថៃ អាចបរាជ័យ
បាងកក៖ កាសែតថៃ Bangkok Post បានចេញផ្សាយ នៅថ្ងៃពុធនេះថា គម្រោងសាងសង់រោងចក្ររបស់ក្រុមហ៊ុនអាមេរិក Tesla នៅប្រទេសថៃ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែលក្រុមហ៊ុននេះពិចារណាឡើងវិញ ដោយសារតែការលក់រថយន្តអគ្គិសនីមិនសូវដំណើរការល្អ។
ផ្អែកតាមប្រភព អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បាននិយាយថា ក្រុមហ៊ុន Tesla កំពុងពិនិត្យមើលផែនការវិនិយោគរបស់ខ្លួនឡើងវិញ នៅទូទាំងពិភពលោក មិនត្រឹមតែនៅក្នុងប្រទេសថៃ ប៉ុណ្ណោះទេ។ ហើយនៅពេលនេះភាគីថៃកំពុងរង់ចាំការបញ្ជាក់ ថាតើក្រុមហ៊ុន Tesla នឹងលុបចោលគម្រោងវិនិយោគដែរឬយ៉ាងណា។
ក្រុមហ៊ុន Tesla ធ្លាប់បានប្រកាសថា ខ្លួននឹងប្រើប្រាស់រោងចក្រដែលមានស្រាប់របស់ខ្លួន ដើម្បីបង្កើតរថយន្តថ្មី និងមានតម្លៃសមរម្យ ជាងមុន ដោយទុកឱ្យការវិនិយោគលើទីតាំងថ្មី មួយឡែកសិន ក្នុងនោះ គម្រោងសង់រោងចក្រ នៅប្រទេសម៉ិកស៊ិក និងឥណ្ឌាទំនងជាមិនអាចទៅរួចផងដែរ។
គួររម្លឹកថា គម្រោងសង់រោងចក្រ Tesla នៅថៃ ត្រូវបានបង្ហើបឲ្យដឹង នៅក្នុងជំនួប រវាង លោកនាយករដ្ឋមន្រ្តីថៃ Srettha និង លោក Elon Musk កាលពីខែកញ្ញា ឆ្នាំមុន។ ហើយលទ្ធភាពនៃការបរាជ័យគម្រោងនេះកើតឡើងស្របពេល ក្រុមហ៊ុនរថយន្ត Honda និង Suzuki នៅប្រទេសថៃ ត្រៀមបិទទ្វារឈប់ផលិតរថយន្ត។
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត