ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជំរុញលើកទឹកចិត្តឲ្យមន្ត្រីរាជការនិងប្រជាពលរដ្ឋជឿជាក់មកលើរាជរដ្ឋាភិបាលចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ មានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម បន្ថែមពីការលើកឡើងពី ការអនុវត្តភាពស្អាត បៃតង និងចិរភាព។
តាមរយៈញ្ញតិ្តគាំទ្រ ក្រសួងបរិស្ថាន បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារប្រយោជន៏ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៏ CLV -DTA និងបានថ្កោលទោសដាច់អហង្ការចំពោះ ការឃោសនាបង្កចលាចលសំដៅបំផ្លិចបំផ្លាញសមិទ្ធផលជាតិ និងដំណើរការអភិវឌ្ឍតំបន់ត្រីកោណ ព្រមទាំងអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម។ ការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបរិស្ថាន ធ្វើឡើងនៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្ត តាកែវ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងមន្ត្រីនៃមន្ទីរបរិស្ថានទាំងអស់ដែលបានចូលរួមអនុវត្តយុទ្ធនាការធ្វើឲ្យកម្ពុជា ស្អាត បៃតង និងចិរភាព ស្របទៅនឹងអ្វីដែលបានចែងនៅក្នុងយុទ្ធសាស្ត្រ ចក្រារបស់ក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន បានបន្តលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរបរិស្ថានទាំងអស់ បន្តធ្វើយ៉ាងណា ធ្វើការផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋពីភាពស្អាត ពិសេសខិតខំប្រែក្លាយពីការផ្សព្វផ្សាយឲ្យទៅជាយុទ្ធនាការ ពីយុទ្ធនាការឲ្យទៅជាចលនា នឹងប្រែក្លាយ ពីចលនាឲ្យទៅជាទម្លាប់នៃភាពស្អាត៕
ដោយ ៖ ជីម ភារ៉ា