អ្នកនាំពាក្យ៖ សមត្ថកិច្ចកំណត់មុខសញ្ញាក្រុមមេខ្លោងញុះញង់ឱ្យធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលបានហើយ និងចាប់ខ្លួនបន្តបន្ទាប់
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ចក្រសួងមហាផ្ទៃ បានកំណត់មុខសញ្ញាក្រុមមេខ្លោងដែលញុះញង់ឱ្យធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលបានហើយនៅពេលនេះ។ ក្រសួងមហាផ្ទៃមានសមត្ថកិច្ចក្នុងការគ្រប់គ្រងរៀបចំសណ្តាប់ធ្នាប់សន្តិសុខសង្គមទាំងមូល ដូច្នេះរាល់មុខសញ្ញាបានកំណត់រួចហើយ។
អ្នកនាំពាក្យរងបានបញ្ជាក់ថា “យើងបានកំណត់មុខសញ្ញាក្រុមទាំងឡាយណា ដែលបានញុះញង់ ឬបង្កើតនូវយន្តការផ្សេងៗធ្វើព្យុះភ្លៀង ឬយកលេសនេះ លេសនោះ ដើម្បីរុញស្ថានការណ៍ទៅជាបដិវត្តន៍ព័ណ៌ក្នុងគោលបំណងទុច្ចចរិតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលខុសនឹងគោលការណ៍ច្បាប់សកលលោក គោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីទាមទារឱ្យមានការបោះឆ្នោតខុសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា”។
ប្រភពដដែលបន្តថា អ្នកជាមេខ្លោងដែលទទួលបញ្ហាពីសេនានិយោពីក្រៅប្រទេស និងក្នុងប្រទេសត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ហើយជារួមអាចនិយាយថា សមត្ថកិច្ចជំនាញគ្រប់គ្រងបាននូវមុខសញ្ញាទាំងអស់នោះហើយ គឺគ្រាន់តែទុកពេលវេលាមួយសមស្របឱ្យអ្នកទាំងអស់នោះភ្ញាក់ខ្លួនឡើងវិញ ឬចូលមកសារភាព ឬដកខ្លួនថយ លែងបង្កនូវព្យុះភ្លៀងក៏ដូចជា ប្រមូលមហាជនឱ្យចូលមកក្រុមខ្លួនធ្វើអំពើល្មើសច្បាប់។
អ្នកនាំពាក្យរងរូបនេះបានលើកឡើងថា ទាក់ទិននឹងការគ្រប់គ្រងស្ថានការណ៍វិញក្រសួងមហាផ្ទៃបានធ្វើការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា និងទិដ្ឋភាពសង្គមជាក់ស្តែង ដោយបញ្ហាទាំងរដ្ឋាភិបាលរាជធានីខេត្តគ្រប់លំដាប់ថ្នាក់។ លើសពីនេះកម្លាំងសមត្ថកិច្ចពោល គឺកម្លាំងនគរបាលជាតិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ធ្វើកិច្ចការងារនេះដោយរៀបចំផែនការ និងក្បួនយុទ្ធសាស្ត្រផ្សេងៗ ឬរកវិធីជំនាញនានា ដើម្បីធ្វើការងាររៀងខ្លួន។
អ្នកនាំពាក្យបានលើកឡើងបន្ថែមថា ក្រសួងមហាផ្ទៃ បានស្នើសុំដល់មហាជនផ្សេងៗទៀត សូមចូលរួមសហការទប់ស្កាត់ និងផ្សព្វផ្សាយអប់រំកុំឱ្យចូលក្នុងទន្ទាក់របស់ក្រុមឧក្រិដ្ឋជនប្លន់អំណាចទាំងអស់នោះ។ ជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ក្រុមទទួលបញ្ជាសូមដកថយ បោះបង់បទបញ្ជានោះចោល ហើយអ្នកដែលកំពុងតែត្រូវបានគេអូសទាញសុំបោះបង់គំនិតនោះ ដោយកុំធ្វើតាមក្រុមឧទ្ទាមក្រៅច្បាប់នេះ៕
ដោយ៖ពលជ័យ