អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ករណីមានមនុស្សមួយក្រុមតូចធ្វើបាតុកម្មក្នុងចេតនាមិនល្អ ឈានទៅរកការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ចាំបាច់ណាស់រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស។ ចំណែកកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គឺមានទាំងកងនគរបាលជាតិ កងរាជអាវុធហត្ថ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ក៏មានកាតព្វការពារសន្តិសុខជាតិ និងការពារសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដូចគ្នាដែរ។
ឯកឧត្តមបានបញ្ជាក់ថា ជាធម្មតារាជរដ្ឋាភិបាលតែងតែស្តាប់មតិយោបល់ និងក្តីកង្វល់របស់ប្រជាពលរដ្ឋគ្រប់គ្នាយកមកពិចារណា ដោះស្រាយបញ្ហាជូនពួកគាត់គ្រប់ៗគ្នាដោយមិនបានបោះបង់ចោលពលរដ្ឋណាម្នាក់ចោលឡើយ។ ប៉ុន្តែនៅក្នុងករណីដែលមានមនុស្សមួយក្រុមតូចធ្វើបាតុកម្មក្នុងចេតនាមិនល្អអុកឡុកសង្គមធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ បំផ្លាញសុខសន្តិភាព បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ឈានទៅរកការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។ ចាំបាច់ណាស់រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការប្រឆាំងនឹងក្រុមទាំងនោះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ចំណែកឯកងកម្លាំងប្រដាប់អាវុធក៏ត្រូវតែចេញមកដើម្បីធានាការពារសន្តិសុខជាតិ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយប្រទេសណាក៏គេធ្វើអ៊ីចឹងដែរដូចគ្នាអ៊ីចឹង។ មិនមែនចេញមកគំរាមកំហែងប្រជាពលរដ្ឋដូចដែរក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចបាននិយាយទេ។ ផ្ទុយទៅវិញ គឺចេញមកដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋគ្រប់គ្នាកុំឱ្យមានការព្រួយបារម្ភ។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានភាពទន់ភ្លន់ណាស់ ជាដំបូងគឺពន្យល់បងប្អូនប្រជាពលរដ្ឋ ហើយការពន្យល់នេះមានលក្ខណៈសព្វគ្រប់ទាំងថ្នាក់ដឹកនាំកំពូលៗ មានទាំងសម្តេចតេជោ ហ៊ុន សែន បន្ទាប់មកសម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមទាំងការផ្សព្វផ្សាយឯកសារគ្រប់បែបដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយល់អំពីគោលនយោបាយអភិវឌ្ឍន៍ប្រទេស។
ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា ក្នុងករណីជនមួយក្តាប់តូចនៅបន្តរឹងរូសបង្កការអុកឡុកដល់សណ្តាប់ធ្នាប់សាធារណដល់សន្តសុខជាតិ ជាការធមម្មតាទេ គឺថារាជរដ្ឋាភិបាលតែងតែមានវិធានការ ហើយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមានភាពចាស់ទុំណាស់ អត់ធ្មត់ណាស់ ពីព្រោះពួកគេចង់ឃើញប្រទេសជាតិមានសន្តិភាព មានសេចក្តីសុខសាន្ត បន្តការអភិវឌ្ឍន៍ប្រក្រតីភាពដោយមិនចង់ឱ្យមានភាពវឹកវរណាមួយកើតមានឡើងទេ។ ដូច្នេះសូមកុំប្រមាថទឹកចិត្តអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យសោះ ពួកគេមិនអនុញ្ញាតឱ្យក្រុមប្រឆាំងជ្រុលនិយមមួយក្តាបតូចប្រមាថម៉ាក់ងាយដល់ថ្នាក់ដឹកនាំរបស់គេតាមអំពើចិត្តទេ។
ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសូមឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិលបាល រាជរដ្ឋាភិបាលធានាការពារឱ្យបានសន្តិភាព ស្ថេរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នេះជាការធានាយ៉ាងឱឡារិករបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទោះជាក្នុងតម្លៃណាក៏ដោយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅចំពោះបញ្ហានេះ៕
ដោយ៖ពលជ័យ