ចិន និងហុងឌីរ៉ាស ចង់ពង្រីកពាណិជ្ជកម្មទ្វេភាគីដល់ជើងមេឃ

តេហ្គូស៊ីហ្គាល់ប៉ា៖ ប្រមុខការទូតហុងឌូរ៉ាសថ្លែងថា ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro កាលពីថ្ងៃអង្គារ បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Hua Chunying ពិភាក្សាពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ។

រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស លោក Enrique Reina បានប្រាប់អ្នកយកព័ត៌មានថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Hua Chunying បានមកបំពេញទស្សនកិច្ចក្នុងប្រទេសហុងឌូរ៉ាស ដើម្បីជំរុញកិច្ចការជាច្រើន។ លោក Reina បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងនឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា ដែលតាមរយៈនោះ ប្រទេសចិននឹងអនុញ្ញាតឱ្យបង្គា កាហ្វេ ផ្លែឪឡឹក និងផលិតផលរបស់ហុងឌូរ៉ាសដទៃទៀត អាចនាំចូលទីផ្សារប្រទេសចិនដោយមិនគិតពន្ធ។

លោក Reina បន្ថែមថា នៅពេលបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីចំនួន៨ដង បើធៀបនឹងអត្រាមុនពេលហុងឌូរ៉ាសបានបង្កើតទំនាក់ទំនងការទូតជាមួយចិនក្នុងឆ្នាំ ២០២៣។
កាលពីនៅខែមីនា ឆ្នាំ២០២៣ ហុងឌូរ៉ាសបានប្រកាសថា ខ្លួនកំពុងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ដោយបញ្ចប់តួនាទីដែលខ្លួនកាន់កាប់អស់រយៈពេលជាង ៧០ឆ្នាំមកហើយ។

ក្រោយមក ហុងឌូរ៉ាសបានបង្កើតទំនាក់ទំនងជាមួយចិនភ្លាមៗ។ ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមិថុនា ដើម្បីជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង ដើម្បីបង្កើនទំនាក់ទំនងការទូតថ្មី។ ទោះបីជាយ៉ាងណា ប្រទេសចំនួន១២ នៅតែបន្តរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ដោយក្នុងចំណោមនោះ មានប្រទេសចំនួន៧ ស្ថិតនៅទ្វីបអាមេរិកឡាទីន ឬតំបន់ការ៉ាប៊ីន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner