នាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវដល់ប្រជាជន ជាពិសេសយុវជនដែលស្រលាញ់ទឹកដី សូមកុំចូលរួមតាមការញុះញង់ធ្វើកុបកម្មរបស់ក្រុមប្រឆាំង
ភ្នំពេញ៖នៅក្នុងពិធីប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអំពាវនាវដល់បងប្អូនប្រជាជននៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស ជាពិសេស យុវជនដែលស្រលាញ់ទឹកដី សូមកុំចូលរួមតាមការញុះញង់ធ្វើកុបកម្មរបស់ក្រុមប្រឆាំង ព្រោះពេលដែលប្រទេសជួបភាពវឹកវរ ឬចលាចល នឹងធ្វើឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគគេលែងហ៊ានមកប្រទេសកម្ពុជាយើងទៀតហើយ។
នាយឧត្តមសេនីយ៍បន្តថា គ្មានអ្នកវិនិយោគ គ្មានអ្នកទេសចរណ៍ណា គេនឹងមកធ្វើទេសចរ គេនឹងមកវិនិយោគនៅក្នុងប្រទេសដែលមានមានភាពវឹកវរ ភាពច្របូកច្របល់នោះទេ អសន្តិសុខទេ។ “អ្នកណាដែលចង់ទៅលេងកន្លែងអសន្តិសុខ អ្នកណាដែលចង់ស្លាប់ អ្នកណាដែលយកលុយមករកស៊ីហើយខាត អត់ទេ។ បើគ្មានវិនិយោគ បើគ្មានទេសចរ។ សព្វថ្ងៃសេដ្ឋកិច្ចរបស់យើងដែលកំពុងរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចជាសកល ពីជម្លោះរវាងរុស្ស៊ី អ៊ុយក្រែន ជម្លោះនៅមជ្ឈឹមបូព៌ា បញ្ហាឧបទ្វីបកូរ៉េ និងជម្លោះរវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីន បញ្ហាប្រឈមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលកំពុងកើតមានឡើង វាកាន់តែធ្វើ់ឱ្យយើងពិបាកវេទនាជាងនឹងទៅទៀត”។
នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍បន្តថា កុំឱ្យឱកាសមាស ឱកាសប្រាក់ ទ្រព្យសម្បត្តិដែលយើងមាននៅក្នុងខ្លួនហើយវាបាត់បាត់ ។សូមបងប្អូនទាំងអស់មេត្តាសូមរួមគ្នាថែរក្សាសុខសន្តិភាព ហើយសូមថែរក្សាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ចូលរួមទាំងអស់គ្នាការពារនៅរបបប្រជាធិបតេតយ្យ សេរីពហុបក្ស។ ការប្រកួតប្រជែងដើម្បីការដឹកនាំប្រទេសទៅតាមរយៈការបោះឆ្នោតរបស់ប្រជាជនដែលចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញផង និងនៅក្នុងច្បាប់ការបោះឆ្នោតផង៕
ដោយ៖ពលជ័យ