ពិធីសំណេះសំណាលជាមួយកម្មកររោងចក្រសាប្រ៊ីណា ៦.០០០នាក់នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រ សាប៊្រីណា ស្ថិតក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែសីហាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានថ្លែងទៅកាន់កម្មករ និយោជិតប្រមាណ៦.០០០នាក់ ថា មកដល់ពេល នេះបងប្អូនកម្មករមានប្រាក់ខែគោលជាង ២០០ ដុល្លារអាមេរិក និងអ្នកខ្លះទៀតបានធ្វើការថែមម៉ោងទទួលបានរហូតដល់ទៅជាង ៤០០ ដុល្លារ។ ដូច្នេះសូមឱ្យបងប្អូនត្រូវខិតខំបន្តធ្វើការងារជូនរោងចក្រ ដើម្បីបានប្រាក់ចំណូលបន្ថែមទៀត យកមកលើកស្ទួយជីវភាពគ្រួសារ។
ទាក់ទងនឹងព្រឹត្តិការណ៍ដែលកំពុងក្តៅ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ប៉ុន្មានថ្ងៃកន្លងមកនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់បន្ថែម ទៅលើគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV)។សម្ដេចបានគូសបញ្ជាក់ម្ដងហើយម្ដងទៀតថា មិនឱ្យបាត់បង់ទឹកដី សូម្បីតែមួយមីលីម៉ែត្រ។ ដូច្នេះសូមបងប្អូនកម្មករនិយោជិតទាំងអស់ត្រូវជឿជាក់លើរាជរដ្ឋាភិបាល នៅតំបន់អភិវឌ្ឍន៍ឦសានចំនួនបួនខេត្តនោះ ចំណូលប្រជាពលរដ្ឋម្នាក់ៗប្រមាណជាង១.៧០០ ដុល្លារក្នុងមួយឆ្នាំ។ដូច្នេះប្រាក់ចំណូលនេះបើធៀបទៅនឹងប្រជាពលរដ្ឋ រស់នៅខេត្តផ្សេងទៀត គឺពួកគាត់មានប្រាក់ចំណូលខ្ពស់ជាងខេត្តដទៃទៀត។
ឯកឧត្តមបានបញ្ជាក់ទៀតថា ជនអគតិមួយចំនួនបានញុះញង់ឱ្យបងប្អូនកម្មករយើងចូលរួមធ្វើបាតុកម្ម នៅថ្ងៃទី១៨ ខែសីហាខាងមុខនេះ ដូច្នេះសូមបងប្អូនកុំជឿតាមការញុះញង់ និងកុំចូលរួមធ្វើបាតុកម្មព្រោះ វាពុំមានផលចំណេញដល់បងប្អូនកម្មករនិយោជិតនោះឡើយ៕
ដោយ៖ ម៉ុន សំអាត