ក្រុមហ៊ុនវិនិយោគធំៗចំនួន១២ ចាប់អារម្មណ៍វិនិយោគ លើវិស័យសក្ដានុពលនៅកម្ពុជា
(ភ្នំពេញ)៖ ប្រតិភូក្រុមហ៊ុនវិនិយោគចិន បាននឹងកំពុងចាប់អារម្មណ៍ ចំពោះសក្តានុពល និងបរិយាកាសវិនិយោគលើវិស័យសំខាន់ៗ មួយចំនួននៅកម្ពុជា ជាពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងថាមពល ស្របពេលដែលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលការវិនិយោគ ធ្វើពាណិជ្ជកម្ម ដែលជាដង្ហើមដ៏ចាំបាច់បំផុត សម្រាប់ជំរុញខឿន សេដ្ឋកិច្ចជាតិ ។
ជាក់ស្ដែងនៅក្នុងឱកាសនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ សីហា ឆ្នាំ២០២៤ ប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ លើវិស័យសក្ដានុពល នៅកម្ពុជា ។
នៅក្នុងជំនួបនេះ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូ ក្រុមហ៊ុនវិនិយោគ សម្ដែងនូវការពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ នូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែង និយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានា នូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា ។
លោក Zhao Yudong ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគទាំង១២ ក្រុមហ៊ុននៅកម្ពុជានាឱកាសនេះ គឺក្នុងគោលបំណង ស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា ដូចជា វិស័យថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនទាំង១២ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យសក្តានុពល ដែលគណៈប្រតិភូចាប់អារម្មណ៍គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ និងត្រៀមផ្តល់កិច្ចសម្របសម្រួល ក៏ដូចជាការលើកទឹកចិត្តដល់ណ្តាក្រុមហ៊ុនវិនិយោគ ។
សម្ដេចធិបតីក៏បានគូសរំលេចអំពីគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនូវក្របខ័ណ្ឌសម្រាប់វិនិយោគិនបរទេស ដែលរួមមានដូចជា៖ ការដាក់ចេញនូវច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា ជាមួយនឹងកញ្ចប់វិធានការលើកទឹកចិត្ត ដែលបង្កើតនូវបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល អាចប៉ាន់ប្រមាណបាន និងសម្បូរបែប ។
សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គណៈប្រតិភូវិនិយោគ បន្តសហការ និងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែម និងអាចស្វែងយល់កាន់តែច្បាស់បន្ថែមទៀត អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ