អង្គការ FAO ស្នើសុំសហការលើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ
(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Ehsan Kabir មន្ដ្រីជំនាញ ផ្នែកទំនាក់ទំនង នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រុម កា រ ងារពាក់ព័ន្ធ ជួបពិភាក្សាការងារ ដើម្បីពិនិត្យលទ្ធភាពសហការលើកិច្ច ការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ។
គួរបញ្ជាក់ថាក្នុងជំនួបនេះរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម ផ្ដោតលើចំនុចសំខាន់ ដូចជា៖ ការរៀបចំផលិតផតខាស់ ដើម្បីលើកកម្ពស់ការយល់ដឹងលើវិស័យកសិកម្មរបស់ កម្ពុជា ការផ្សព្វផ្សាយអភិក្រមសុខភាពតែមួយជូនដល់សាធារណជនតាម រយៈអ្នក សារព័ត៌មាន និងការរៀបចំសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានអំពី ការគ្រប់គ្រង ជលផលសមុទ្រប្រកបដោយនិរន្តរភាព។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ បានណែនាំដល់មន្ដ្រីជំនាញនៃអង្គការ FAO ឱ្យរៀបចំកំណត់ប្រធានបទជាក់លាក់ក្នុងការអនុវត្តគម្រោងផលិតផតខាស់ ដែលជាការងារអាទិភាព។
ក្រៅពីនោះ លោកជំទាវបានផ្ដល់យោបល់មួយចំនួនទៅកាន់ក្រុមការងារនៃអង្គការ FAO ដើម្បីយកទៅពិនិត្យពិភាក្សា និងកែសម្រួលឯកសារទស្សនទាន នៃការរៀបចំសិក្ខា សាលា ផ្សព្វផ្សាយអភិក្រមសុខភាពតែមួយជូនដល់សាធារណជន ក៏ដូចជាសិក្ខាសាលា ផ្សព្វផ្សាយគម្រោងបច្ចេកទេសកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលគ្រោងរៀបចំនៅក្នុងអំឡុងខែកញ្ញា និងខែតុលា ឆ្នាំ២០២៤ ខាងមុខ។
លោកជំទាវ អ៊ឹម រចនា ព្រមទាំងតំណាងអង្គការ FAO នឹងត្រឡប់មកជួបគ្នាជាថ្មី ដើម្បីពិភាក្សាលម្អិតលើគម្រោងនីមួយៗ មុនពេលចាប់ផ្ដើមអនុវត្តការងាររួមគ្នាជាផ្លូវការ ដើម្បីបង្កើនចំណេះដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យកសិកម្ម និងសុខភាពចំណីអាហារ ក្នុងគោលដៅបញ្ជូនសារត្រឹមត្រូវ និងផ្ដល់ប្រយោជន៍ទៅកាន់សាធារណជន៕
ដោយ៖ម៉ាដេប៉ូ