ក្រុមហ៊ុនវិនិយោគធំៗចំនួន១២ បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ក្នុងឱកាសនៃជំនួប លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគសម្ដែងនូវការពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។ លោក Zhao Yudong ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគ ទាំង១២ក្រុមហ៊ុន នៅកម្ពុជានាឱកាសនេះ គឺក្នុង​គោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា​ ដូចជា វិស័យថាមពលស្អាត​ និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនទាំង១២​ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេច​ធិបតីបាន​គូសបញ្ជាក់ថា​ វិស័យសក្តានុពលដែលគណៈប្រតិភូចាប់អារម្មណ៍គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល​ ដែលយកចិត្តទុកដាក់​​​ និងត្រៀមផ្តល់កិច្ចសម្របសម្រួល​​​ ក៏ដូចជាការលើកទឹកចិត្តដល់ណ្តាក្រុមហ៊ុន​​វិនិយោគ។ សម្ដេចធិបតីក៏បានគូសរំលេចអំពីគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតនូវក្របខ័ណ្ឌសម្រាប់វិនិយោគិនបរទេស​ ដែលរួមមានដូចជា៖ ការដាក់ចេញនូវច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា​, លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា ជាមួយនឹងកញ្ចប់វិធានការលើកទឹកចិត្ត​ ដែលបង្កើតនូវបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល​ អាចប៉ាន់ប្រមាណបាន និងសម្បូរបែប។ សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូវិនិយោគ បន្តសហការ និងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបាន​ព័ត៌មាន​បន្ថែម​ និងអាចស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner