រដ្ឋបាលខេត្តរតនគិរីត្រៀមទទួលការនិមន្តមកកាន់ខេត្តរតនគិរីរបស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី

រតនគិរី៖ខណៈព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី កំពុងគង់នៅខេត្ត​ក្រចេះ នៅឯខេត្តរតនគិរីឯណោះវិញនៅសាលប្រជុំសាលា ខេត្តរតនគិរីនារសៀលថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានដឹកនាំកិច្ចប្រជុំ​​ ត្រៀម​ទទួលព្រះវនវាសី ចន្ទ មុនី ដែលនឹងនិមន្តមកកាន់ខេត្តរតនគិរី​នៅថ្ងៃទី២២ ខែសីហានិមន្តចេញទីរួមខេត្តមណ្ឌលគិរី ដើម្បី​ទស្សនកិច្ច និងជួបបងប្អូនប្រជាពុទ្ធបរិស័ទខ្មែរតាមខ្សែបន្ទាត់​ព្រំដែនខេត្តចំនួនបួន។

សូមជម្រាបថា ដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធ​បរិស័ទតាមខ្សែបន្ទាត់ព្រំដែន របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ទៅកាន់ខេត្តចំនួនបួន គឺខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដែលចាប់ផ្តើមពីថ្ងៃទី២០ខែសីហានិងបញ្ចប់ នៅថ្ងៃទី២៤ ខែសីហាត្រឹមខេត្តស្ទឹងត្រែង ។

នៅខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២០ ខែសីហា ព្រះអង្គ ចន្ទ មុនី និមន្តចូលសំចតខ្លីនៅវត្តខេមវន្ត ហៅ វត្តបឹងស្នាយ ក្នុង សង្កាត់​សំបួរមាស ក្រុងកំពង់ចាម មុនបន្តដំណើរទៅស្រុកស្នួល ខេត្តក្រចេះ ដោយមានការថ្វាយបង្គំទទួលពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។នៅទីនោះផងដែរ ព្រះធម្មវនវាសី បណ្ឌិត ចន្ទ មុនីបានជួបពុទ្ធបរិស័ទនិងផ្ដល់ដំបូន្មាន ពិសេស​យុវជនយុវនារីត្រូវចេះសាមគ្គីភាពមានការជឿជាក់លើថ្នាក់ដឹកនាំទើបប្រទេសជាតិមានសន្តិភាពរីកចម្រើនសម្បូរសប្បាយ។ព្រះអង្គដាស់តឿនថាបើជាតិបែកបាក់,សត្រូវជិតខាងមើលងាយ។ប្រទេសជាតិអាចធ្លាក់ក្នុងសង្គ្រាម,បង្កភាពវិនាសព្រាត់ប្រាស់។ព្រះអង្គមានថេរដីកាថាប្រទេសជាតិទើបឆ្លងផុតពីសង្គ្រាមបានជិត៤០ឆ្នាំ ហើយបានអភិឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ។

សូមបញ្ជាក់ថា តាមកម្មវិធីដែលបានគ្រោងទុក ព្រះធម្មវនវាសី ចន្ទ មុនី នឹងបន្តទៅទស្សនកិច្ចតាមខ្សែបន្ទាត់ព្រំដែននៅ ស្រុក ស្នួលខេត្តក្រចេះក្នុងថ្ងៃដដែល។លុះថ្ងៃទី២១ខែឆ្នាំដដែលព្រះអង្គ នឹង បន្តនិមន្តទៅទស្សនកិច្ចនិងជួបពុទ្ធបរិស័ទតាម បន្ទាត់ ព្រំដែនខេត្តមណ្ឌលគីរី,ថ្ងៃទី២២ និមន្តទៅខេត្តរតនគីរី។ចំណែកថ្ងៃទី២៣និមន្តចេញពីខេត្តរតនគីរីឆ្ពោះទៅតាមបន្ទាត់ ព្រំដែនខេត្តស្ទឹងត្រែង។លុះព្រឹកឡើងថ្ងៃទី២៤ខែសីហានិមន្ត បន្តទៅខេត្តព្រះវិហារត្រឡប់មកខេត្តកំពង់ឆ្នាំងវិញ៕
ដោយ៖គតិ យុត្ត

ads banner