នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Development កោតសរសើរការរីកចម្រើននៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ សីហា ឆ្នាំ២០២៤ លោក LEE SANG YOON នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Development បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំពិពរណ៍ផ្ទាំងគំនូររបស់ក្រុមហ៊ុន នៅកម្ពុជា នាពេលថ្មីៗនេះ។

ដោយផ្អែកលើបទពិសោធន៍ជោគជ័យនេះ លោកនាយកប្រតិបត្តិគ្រោងនឹងរៀបចំពិព័រណ៍នេះជាលើកទី២ ហេីយនឹងបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី ជូនកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌។  ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក៏បានប្រគល់ជូនសម្ដេចធិបតីនូវផ្ទាំងគំនូរដ៏ល្អវិចិត្រ ដែលជារូបរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ 

សម្ដេចធិបតីបានអបអរសាទរចំពោះជោគជ័យនៃការរៀបចំពិព័រណ៍ផ្ទាំងគំនូរលើកទី១ ដែលបានប្រព្រឹត្តទៅនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តរៀបចំពិព័រណ៍បែបនេះ នៅកម្ពុជា ដែលនឹងរួមចំណែកជំរុញការផ្លាស់ប្ដូរវប្បធម៌  និងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះការរៀបចំផ្ទាំងគំនូរដ៏វិចិត្រនេះអំពីសម្តេចតេជោ ហ៊ុន សែន ដែលជានិមិត្តរូបនៃការតស៊ូ និងការលះបង់របស់សម្ដេចតេជោ ក្នុងការរំដោះជាតិ និងស្វែងរកនូវសុខសន្ដិភាពពេញលេញជូនប្រទេសនិងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានផ្តួចផ្តើមភ្ជាប់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ១៩៩៧ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner