រដ្ឋមន្ត្រីមុខងារសាធារណៈ ណែនាំនិស្សិតទៅសិក្សានៅក្រៅប្រទេស ឱ្យខិតខំរៀនសូត្រ យកចំណេះវិជ្ជាមកចូលរួមអភិវឌ្ឍប្រទេសជាតិ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើដល់និស្សិត ទៅសិក្សានៅក្រៅប្រទេស ឱ្យខិតខំរៀនសូត្រ យកចំណេះវិជ្ជា មកចូលរួមអភិវឌ្ឍប្រទេសជាតិ និងដើរតួនាទី ជាភ្នាក់ងារផ្សព្វផ្សាយពីសក្កានុពលរបស់កម្ពុជា ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតទទួលជួបក្រុមនិស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសសាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន ប្រទេសហុងគ្រី និងសាធាណរដ្ឋប្រជាមានិតចិន ចាប់ពីកម្រិតបណ្ឌិត អនុបណ្ឌិត និងបរិញ្ញាបត្រ ចំនួន ២៧នាក់ ក្នុងនោះមានស្រី ១៧នាក់ នៅទីស្តីការក្រសួងមុខងារសាធារណៈ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដើម្បីទទួលអនុសាសន៍ណែនាំ តម្រង់ទិសមុនចាកចេញទៅបំពេញបេសកកម្មនាពេលខាងមុខ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលធនធានមនុស្សកម្ពុជា ជាពិសេស សម្រាប់បណ្តានិស្សិតខ្មែរទៅសិក្សានៅក្រៅប្រទេស ដោយឯកឧត្តម ជឿជាក់ថា ធនធានមនុស្សកម្ពុជា តែងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបុព្វហេតុកសាងកម្លាំងរួម ក្នុងការចូលរួមបន្តរក្សាភាពធន់ និងកសាងសមត្ថភាពជាតិ ដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា និស្សិតម្នាក់ៗ គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ឯកឧត្ត បានបញ្ជាក់ថា ភាពជោគជ័យរបស់និស្សិតទាំងអស់គ្នានាពេលនេះ គឺជាភាពជោគជ័យរបស់ក្រុមគ្រួសាររបស់ខ្លួន ហើយក៏ជាភាពជោគជ័យនៃសង្គមជាតិ និងប្រទេសជាតិ ព្រោះយើងទាំងអស់គ្នាមានការផ្សារភ្ជាប់អនាគតរបស់យើងទៅនឹងអនាគតរបស់ប្រទេសកម្ពុជា ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដែលមានវត្តមានក្នុងជំនួបនេះ ក៏បានចែករំលែកនូវបទពិសោធន៍ និងទស្សនៈមួយចំនួនពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនធ្លាប់បានឆ្លងកាត់ និងជំរុញចិត្តដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីសាលា ក្នុងតួនាទីជាអ្នកផ្សព្វផ្សាយ និងធ្វើឱ្យគេស្គាល់ពីកម្ពុជា ដោយភាពជាតំណាងប្រទេសកម្ពុជា និងប្រជាជនខ្មែរ។ ក្នុងភាពជាតំណាង គួរខិតខំសិក្សាឈ្វេងយល់បន្ថែមពីអតីកាល ដែលនាំឱ្យកម្ពុជាឈានមកដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលកើតចេញពីការលះបង់របស់ថ្នាក់ដឹកនាំចាស់ៗ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតីរបស់ពួកគាត់ទាំងអស់គ្នា ៕
ដោយ ៖ វណ្ណលុក