សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តស្រាវជ្រាវរកវត្ថុបុរាណខ្មែរដែលបាត់បង់ និងទាមទារយកមកវិញ ដើម្បីទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរជំនាន់ក្រោយ
(ភ្នំពេញ)៖ បច្ចុប្បន្ន ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តស្រាវជ្រាវរកវត្ថុបុរាណខ្មែរដែលបាត់បង់នៅបណ្ដាប្រទេសជាមិត្តបន្ថែមទៀត និងទាមទារយកមកវិញ ដើម្បីទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរជំនាន់ក្រោយ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។
សម្ដេចធិបតី បានលើកឡើងថា សម្ដេច ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរសាទរអស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។
សម្ដេចសម្ដេចនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជា កំពុងធ្វើការស្រាវជ្រាវជាបន្ត ដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបានបាត់បង់ទៅ ពីបណ្ដាប្រទេសជាមិត្តនានាបន្ថែមទៀត ដោយបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តនូវគោលនយោបាយជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារ ទប់ស្កាត់ ការចរាចរ និងការជួញដូរខុសច្បាប់ នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និងទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ ដើម្បីទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរជំនាន់ក្រោយ ។
បើតាមរបាយការណ៍របស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៦ រហូតមកដល់ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា ទទួលបានមកវិញនូវវត្ថុសិល្បៈខ្មែរសរុបចំនួន ១០៩៨ វត្ថុ ក្នុងនោះ ៥៧១ វត្ថុប្រគល់ដោយសប្បុរសជន និង ៥២៧ វត្ថុ ប្រគល់ដោយរដ្ឋាភិបាល និងស្ថាប័ននានា បានប្រគល់ត្រប់មកវិញពីប្រទសចំនួន ១៥ ក្នុងនោះមាន ដូចជាសហរដ្ឋអាមេរិក បារាំង អូស្រ្ដាលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូនេស៊ី ហូឡង់ ស្វីស កាណាដា ដាណាម៉ាក អាល្លឺម៉ង់ ហុងគ្រី នូវែលសេឡង់ និងប្រទេសចិន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ